ក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍បង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីទ្រទង់គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា


ត្រលប់ក្រោយ

13/12/22 13:23 PM

ចំនួនទស្សនា៖

323

ប្រភព៖

សៀមរាប

សៀមរាប៖ ចាប់តាំងពីលោក ប៊ីត រិចន័រ បានទទួលមរណភាពនៅវេលាម៉ោង ២៖៤៥នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេស ស្វីស។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្ដាយ និងចូល រួមរំលែកទុក្ខ យ៉ាង ក្រៀម ក្រំ ជា ទី បំផុត ព្រោះតែរូបលោកបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ដែលយើងអាចចាត់ទុករូបលោកថាជា “គ្រូពេទ្យទេវតាសម្រាប់កុមារកម្ពុជា” មួយរូប ហើយក៏ជាស្ថាបនិកដែលគ្រប់គ្រង មើលថែចាត់ចែងនៅមន្ទីរពេទ្យគន្ធបុប្ផា នឹងតែងតែខិតខំព្យាយាមរកចំណូលពីខាងក្រៅបន្ថែមទៀតដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ។


បន្ទាប់មកមន្ទីរពេទ្យមួយនេះក៏បានជួបនូវបញ្ហាមួយចំនួនផងដែរអំពីថវិកានៃការទ្រទ្រង់មន្ទីរពេទ្យ ឲ្យដំណើរការបន្តទៅមុខទៀត ដើម្បីជួយដល់កុមារកម្ពុជារាប់លាននាក់។ ស្របពេលជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏មិនឱបដៃឈរមើលដែរ គឺនៅតែបន្តជួយទំនុកបម្រុងដល់មន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខាទាំងអស់ដើម្បីបន្តឲ្យមានដំណើរការជាបន្តទៀត ដើម្បីជួយព្យាបាលដល់កុមារកម្ពុជាដែលមានជំងឺរាប់លាននាក់ និងព្យាបាលឲ្យជាសះស្បើយជាបន្តបន្ទាប់។


ដើម្បីជាការគាំទ្របន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីលានប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌ “ (The Gala Night Charity Dinner) ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។


ដែលកម្មវិធីទស្សនីយ៍ភាពសិល្បៈនេះ មានការសម្តែងជា ០២វគ្គ៖

-វគ្គទី១៖ មានរបាំ ចម្រៀង និងការប្រគំតន្ត្រីចំនួន ១១ (របាំផ្សាយព្រហ្មវិហារធម៌, របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល៍្ប, របាំកិន្នរ, ការសម្តែងឧបករណ៍តន្ត្រីខ្មែរ, របាំគ្រុឌ, ការប្រគំព្យាណូទោលជាមួយរបាំ)


-វគ្គទី២៖ របាំរឿង ព្រះបាទជ័យវរ្ម័នទី៧។ ព័ត៌មានលំអិតអំពីកម្មវិធី និងសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ សូមមេត្តាទាក់ទងលោក ថាន់ សុជាតិ លេខទូរស័ព្ទ 017 336 813។ តាមរយៈការផ្សព្វផ្សាយនេះសូមឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមគាំទ្រតាមការគួរ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ពិសេសជួយដល់កុមារកម្ពុជាដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។


គួររំលឹកផងដែរថា លោក រិចន័រ បានធ្វើការឲ្យអង្គការកាកបាទក្រហមស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជា លោក បានធ្វើការ នៅ មន្ទីរ ពេទ្យគន្ធបុប្ផា នាទីក្រុងភ្នំពេញ ចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ។ មន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការ ចង ចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គត ក្នុង ព្រះជន្ម នៅ ក្មេងវស្សានៅឡើយ (១៩៤៨-១៩៥២) ។


នៅពេលខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំឲ្យចាកចេញទៅប្រទេសស្វីសវិញ ជាទីដែល លោកបានបន្តការងាររបស់លោកនៅទីក្រុងហ៉្សូរ៉ិច។ នៅខែធ្នូ ឆ្នាំ១៩៩១ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើងជាបន្តបន្ទាប់ ពីការ ប៉ះ ទង្គិច គ្នា ដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហម និងវៀតណាម។ លោកត្រូវបានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយ រដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផា នៅខែមីនា ឆ្នាំ១៩៩២ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជាវិញ ដើម្បី ចាប់ផ្ដើម ការសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានសម្ពោធបើកទ្វារនៅខែវិច្ឆិកា ឆ្នាំ១៩៩២៕



dd
Bottom Ad