14/12/22 09:47 AM
(ព្រះសីហនុ)៖ប្រទេសកម្ពុជាត្រូវបានគាំទ្រឱ្យចូលរួមប្រកួតកីឡាទូកក្ដោង សម្រាប់សមាជិកក្លិបឆ្នេរស្អាត
បំផុតលើសកលលោកលើកទី១ ឆ្នាំ២០២៣នេះ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី១៤-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការ ឱ្យដឹងនៅក្នុងសន្និសិទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនៃមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្ដម ថោង រដ្ឋសកិ្ត ប្រធានស្តីទីសហព័ន្ធកីឡាទូកក្តោងកម្ពុជា ។
ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ក្រោយពីទទួលបានការគាំទ្រពីក្លិបឆ្នេរ សមុទ្រដែលស្អាតបំផុតនៅលើសាកលលោក គណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទូក ក្តោងពិភពលោក ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកលើកទី១ ឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានស្នើសុំ និងទទួលបានការអនុញ្ញាតពីក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក ដើម្បីធ្វើបទបង្ហាញអំពីការត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទូកក្តោងខាងលើ នៅក្នុងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកលើកទី១៦ ឆ្នាំ២០២២។
គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏មានសារៈសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលអាចផ្សព្វផ្សាយអំពីសក្តានុពល និងការអភិវឌ្ឍកីឡាទូកក្តោងនៅក្នុងប្រទេសកម្ពុជាដល់សមាជិកទាំង២៦ប្រទេសនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក និងពិភពលោកទាំងមូល ហើយក៏ជាការបង្កើននូវសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាលើការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ។ បន្ថែមលើនេះ ព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធថ្នីៗរបស់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តតំបន់ឆ្នេរ នៃប្រទេសកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៕