ខេត្តបន្តាយមានជ័យ រៀបចំទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២


ត្រលប់ក្រោយ

14/12/22 09:56 AM

ចំនួនទស្សនា៖

415

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ "ធ្វើឲ្យមានសមភាព"។ ពិធីនេះបានប្រារព្វធ្វើនៅបរិវេណអនុវិទ្យាល័យអង្គាបុស្ស ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដែលមានអ្នកទទួលផលចំនួន៤៣នាក់មកពី២សង្កាត់ក្នុងក្រុងសិរីសោភ័ណ ក្នុងនោះមកពីសង្កាត់កោះពងសត្វចំនួន១៧នាក់ និង មកពីសង្កាត់ភ្នៀតចំនួន២៦នាក់។


ក្នុងឱកាសសាកសួរសុខទុក្ខនេះ ឯកឧត្តម ប្រធាន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។


ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានចូលរួមលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគទាំងអស់កុំឲ្យអស់សង្ឃឹមក្នុងជីវិតត្រូវប្រឹងប្រែងថែរក្សាសុខភាពអោយបានល្អប្រសើរ ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពជាមានយុទ្ធសាស្រ្តកាត់បន្ថយនិងលុបបំបាត់ជំងឺអេដស៍អោយអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។


អំណោយដែលសាខានាំមកនាពេលនេះក្នុងមួយនាក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី៣ដប, ប្រេងឆា១ដប, ប្រេងកូឡា១ដប, ទឹកដោះគោឆៅ១ឡូតិ៍, ទឹកដោះគោខាប់២កំប៉ុង, ទឹកសណ្តែក១យួរ, ស្ករស២គីឡូក្រាម, នំប្រៃ១ថង់, អាវយឺតកមូល៥, ជែលលាងសម្អាតដៃ៤ដប និង ថវិកាមួយចំនួនផងដែរ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad