15/12/22 09:20 AM
បន្ទាយមានជ័យ៖ ដើម្បីបង្ខិតសេវាសាធារណៈឲ្យនៅគៀកជិតប្រជាពលរដ្ឋថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ ក្នុងស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសនោះឯកឧត្តម ខេង ស៊ុម បានឡើងមានប្រសាសន៍បញ្ជាក់ថា៖ ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣។ ជាពិសេសក្នុងគោលបំណងសំខាន់នៃគោលនយោបាយនេះគឺ៖១-ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ ២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។ ៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបន្តបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក៏បាននឹងកំពុងដំណើរការរៀបចំវេទិកានេះឡើងដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសមិទ្ធផល និងវឌ្ឍនភាពដែលក្រុមប្រឹក្សាខេត្តសម្រេចបានក្នុងឆ្នាំ២០២២ ព្រមទាំងដាក់ចេញនៅផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៣ ក្នុងគោលបំណងផ្ដល់នូវការយល់ដឹង និងការទទួលយកនូវព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានា ដើម្បីធ្វើការឆ្លើយតបនៅរាល់សំណូមពរនានា របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានាពេលនេះ។
ថ្លែនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានឡើងអានរបាយការណ៍អំពីសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបានរយៈពេល ៩ខែ ឆ្នាំ២០២២ បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ក្នុងអង្គវេទិកានោះផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា៖ រដ្ឋបាលខេត្តស្តីពីការអភិវឌ្ឍរីកចម្រើន របស់ខេត្តបន្ទាយមានជ័យលើគ្រប់វិស័យ ចាប់តាំងពីទីប្រជុំជនក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនោះ រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈជាដើម ដែលទាំងនេះ ក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយ ដឹកនាំច្បាស់លាស់ ប្រកបដោយគតិបណ្ឌិត។
ក្នុងវេទិកាសាធារណៈនាឱកាសនោះផងដែរអាជ្ញាធរមូលដ្ឋានដែលតំណាងឲ្យប្រជាពលរដ្ឋដែលបានចូលរួម និងបានលើកឡើងនូវបញ្ហាសំណូមពរ និងក្តីកង្វល់ចំនួន៤៧ បញ្ហា/សំណូមពរ ក្នុងនោះការងារអភិវឌ្ឍន៍មូលដ្ឋាន មានចំនួន ៣៣បញ្ហា/សំណូមពរ និងការងារផ្សេងៗ មានចំនួន១៤បញ្ហា/សំណូមពរ។ ជាមួយគ្នានោះឯកឧត្តមថ្នាក់ដឹកនាំខេត្ត បានធ្វើការដោះស្រាយ និងបំភ្លឺផ្ទាល់មាត់បញ្ហាខាងលើ ដោយមន្ទីរអង្គភាព ជំនាញ ពាក់ព័ន្ធ និងអនុវត្តដោះស្រាយតាមសំណូមពរ និងនៅសេសសល់មួយចំនួនទៀត និងបន្តដោះស្រាយ៕ ណុប-រក្សា(២៩០១៦)