ពិធីបើក ការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជន គាំទ្រយុទ្ធសាស្ត្រ គន្លឹះសហគមន៍សាលារៀន»


ត្រលប់ក្រោយ

15/12/22 09:57 AM

ចំនួនទស្សនា៖

329

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើក ការបោះជំរំយុវជនបីល្អ(កូនល្អ សិស្សល្អ មិត្តល្អ)ថ្នាក់ខេត្ត ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបាន រៀបចំបែងចែកជាក្រុម និងប្រគល់កិច្ចការទទួលខុសត្រូវ ទៅតាមឋានានុក្រុម ឱ្យយុវជនរៀនដឹកនាំដោយខ្លួនឯងផ្ទាល់។ ទន្ទឹមនឹងនោះក្មួយៗយុវជន ក៏នឹងត្រូវបានហាត់បានរៀនតាមការអនុវត្តដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៏បំណិនជីវិតរបស់ក្មួយៗ នៃដំណើរការបោះជំរំនេះផងដែរ។


លោកជំទាវបានបន្តថា ការបោះជំរំ ក៏ជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាល អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង បំណិនជីវិត ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។


លោកជំទាវអភិបាលរងខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើការផ្លាស់ប្ដូរ ចែក រំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីរួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនឡើង ។ ជាពិសេស សូមក្មួយៗត្រូវខិតខំកត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍ សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផលទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយ ឱ្យបានជ្រាបបាន ដឹងពីខ្លឹមសារដ៏មានសារៈសំខាន់នៃកិច្ចការទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ នៅលើទឹកដីកក្រុងតាខ្មៅនេះ។


បើតាមរបាយការណ៏របស់ លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្ដាល ចំពោះការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ដោយមានយុវជន តំណាងយុវជនមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ចូលជាសមាជិក សមាជិកានៃកម្មវិធីបោះជំរំ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល សរុបចំនួន ១៦២នាក់ ស្រី ៨៥នាក់។


លោកបានបញ្ចាក់ថា យុវជនដែលបានចូលរួមក្នុងកម្មវិធីបោះជំរំនាពេលនេះ នឹងទទួលបាននូវ ចំណេះដឹង ជំនាញខ្លី បំណិន និងបទពិសោធន៍ដូចខាងក្រោម៖

- កម្មវិធីយុវជនស្ម័គ្រចិត្ត

-ការផលិតសកម្មភាពឆ្លើយតបទៅនឹងការពង្រឹងការសិក្សាសិស្ស ការអភិវឌ្ឍសាលារៀន ការចូលរួមអភិវឌ្ឍសហគមន៍

-ភាពជាអ្នកដឹកនាំសម្រាប់យុវជន

-វិធីសាស្ត្រនិយាយជាសាធារណៈ និងការតស៊ូមតិ និងការបង្កើតក្លឹបសិក្សាមិត្តអប់រំមិត្ត។



dd
Bottom Ad