15/12/22 11:56 AM
ខេត្តព្រៃវែង៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកពារាំង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ៥គ្រួសារ នៅភូមិចំនួន ៣ ក្នុងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការគ្រោះធម្មជាតិបែបនេះ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងនោះសូមអោយជៀសផុតពីជំងឺកូវីដ-១៩ រៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។
សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ២៥គ.ក មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកសុីអ៉ីវ ១យួរ និងថវិកាចំនួន ១៥០,០០០រៀល។ ក្រុមកាកបាទក្រហមឃុំមេសរប្រចាន់ បានឧបត្ថម្ភថវិកាបន្ថែម ១គ្រួសារ ទទួលបាន ៥០,០០០រៀល។