19/12/22 19:34 PM
នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្ត្រឃុំប៉ោយចារនិងឃុំពន្លៃស្រុក ភ្នំស្រុក វត្តមានសត្វស្លាបចម្រុះពងកូនបានកើន ,ឯមច្ឆជាតិក៏សម្បូរ ប៉ុន្តែបទល្មើសនេសាទក៏កើតឡើងដែរ ។នេះបើតាមលោកអាក់ ភារី ប្រធានទីស្នាក់ការតំបន់ការពារទេសភាពអាងត្រពាំងថ្មប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២ ។
លោកបានបញ្ជាក់ថា៖ មកទល់ពាក់កណ្តាលខែធ្នូនេះ សត្វស្លាបគោកនិងសត្វស្លាបទឹកពងកូននៅនឹងតំបន់អាងត្រពាំងថ្ម បានកើនឡើង។សត្វស្លាបទាំងនោះ មានដូចជាទុងប្រផេះ ក្អែកទឹក ចង្កៀលខ្យង ស្មោញ ទាកាប៉ាព្រៃក្បាលឆ្នូតស ឬទាក្រាប់ ទាកាប៉ាព្រៃ ទាកាបព្រៃ ក្នុងចំណោមសត្វស្លាបចំនួន១៨២ប្រភេទនៅតំបន់នេះ ។
លោកអាក់ ភារី បានបន្តថា៖ប៉ុន្តែសត្វក្រៀលក្បាលក្រហមដែលជាសត្វកម្រជិតផុតពូជនិងមានតម្លៃបំផុតទើបតែមានវត្តមាន២ក្បាលប៉ុណ្ណោះ ព្រោះសត្វនេះមានសំបុកនិងបានពងកូននៅក្នុងព្រៃឯខេត្តព្រះវិហារ ហើយវានឹងចូលមកអាងត្រពាំងថ្មនាពេលទឹកសម្រកនាខែកុម្ភ:តទៅ ។
ចំណែក សត្វម្រឹគវិញ មានវត្តមានរមាំង ឈ្លូសនិងស្មាន(ឆ្កៃព្រៃរោមក្រាស់) នៅព្រៃសហគមន៍កូនខ្លែង ក៏បានកើនដែរ ។ រីឯពពួកមច្ឆាជាតិវិញ លោកនិយាយថា ៖បានសម្បូរនិងកើនឡើងលើសមុនៗ ។នោះមកពីកត្តាអាកាសធាតុនិងរបបទឹកនិងជាពិសេស បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញក្នុងទិវាមច្ឆាជាតិ០១កក្កដា២០២២ បានព្រលែងកូនត្រីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងអាងត្រពាំងថ្ម។ចំពោះភស្តុតាងដែលការពារសំអាងនេះ លោកថា ដោយសារការនេសាទបានត្រីច្រើនៗ ហើយមានប្រភេទត្រីចម្រុះ ។
ជាមួយគ្នានោះ លោកអាក់ ភារី បានត្អូញត្អែរថា៖ ទន្ទឹមនឹងនេះ ក៏មានបទល្មើសឆក់ត្រីនិងការនេសាទខុសច្បាប់ក៏កើតមានច្រើនដែរ ៕បន្ទាយមានជ័យ,១៩/១២/០២២=ណុប-រក្សា(២៩០១៦)