អាជ្ញាធរខេត្តកំពង់ចាម ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ចម្រោះ ទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ក្នុងគម្រោងទឹកប្រាក់ជាង ២២ លានដុល្លារ


ត្រលប់ក្រោយ

21/12/22 10:44 AM

ចំនួនទស្សនា៖

238

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ បន្ទាប់ពីបានសិក្សាយ៉ាងល្អិតល្អន់ របស់ក្រុមប្រឹក្សាបច្ចេកទេស ក្នុងការសាងសង់ស្ថានីយ៍ចម្រោះ ទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បានឯកភាព និងត្រៀមបើកការដ្ឋានសាងសង់ស្ថានីយដើម្បីចម្រោះទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម នាពេលឆាប់ៗខាងមុខនេះ ។


 លោក ហូ រដ្ឋា មន្ត្រីខាងក្រុមប្រឹក្សាបច្ចេកទេស បានឲ្យដឹងថា គម្រោងនៃការសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម បានចុះកិច្ចព្រមព្រៀងនៅក្នុងខែធ្នូ ឆ្នាំ ២០២២ ក្នុងគម្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារ ។


លោក ហូ រដ្ឋា បានបន្តថា ការរៀបចំប្រព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចជាលក្ខណៈទឹកធម្មជាតិ។ ជាមួយគ្នានោះប្រយោជន៍សម្រាប់ក្រុងកំពង់ចាម និងគ្មានក្លិនស្អុយទេ នៅពេលស្ថានីយ៍ចម្រោះទឹកកខ្វក់សាងសង់រួច ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងដំណើរការសាងសង់អាចមានផលប៉ះពាល់លំនៅឋានខ្លះៗ របស់ប្រជាពលរដ្ឋ ដែលតម្រូវឲ្យពួកគាត់ជួយសហការជាមួយនឹងក្រុមការងារ ដើម្បីឲ្យដំណើរការសាងសង់បានទៅដោយរលូនផងដែរ។


ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រៀបចំពិធីដើម្បីប្រកាសដាក់ឲ្យដំណើរការ ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពង់ចាមត្រូវតែត្រៀមជាស្រេច ដើម្បីចាប់ផ្ដើមដំណើរការ ។


ជាមួយគ្នានោះ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្សទុកឲ្យហើយ ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផល ។ ពីព្រោះបញ្ហានេះ បានកើតមានឡើងតាមបណ្ដាខេត្តផ្សេង ដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង ។ ដូច្នេះសម្រាប់ខេត្តកំពង់ចាម សូមឱ្យអាជ្ញាធរជ្រើសរើសមន្ត្រីដើម្បីគ្រោងទុក ចូលទៅគ្រប់គ្រងនៅពេលដែលសមិទ្ធផលនោះបានកសាងរួចរាល់ជាស្ថាពរ ៕



dd
Bottom Ad