ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព»


ត្រលប់ក្រោយ

21/12/22 10:45 AM

ចំនួនទស្សនា៖

319

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ «ខ្ញុំនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះ ជនជាមេខ្យល់ទាំងឡាយ ហើយខ្ញុំ ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូន ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាពិសេស កងកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាន សូមចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ហើយខ្ញុំនឹងមិនលើកលែងជាច់ខាត ចំពោះ ជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ ឲ្យមានការដោះលែងចំពោះ ជនល្មើសក្នុងអំពើជួញដូរមនុស្សនេះ» ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម មានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែលរៀបចំដោយលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ។


ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ បញ្ជាក់ទៀតថា ឆ្នាំ២០២២ នេះ យើងមានឱកាសជាថ្មី ក្នុងការរៀបចំ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែលស្របទៅទស្សនវិស័យ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បី ជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ក្នុងរយៈពេលវែង ។ ជាមួយនោះ ឯកឧត្ដម ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ វត្តមានលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងកម្មវិធី ដ៏មានសារៈសំខាន់ នាថ្ៃនេះ ផងដែរ ។


ឯកឧត្ដម អ៊ុន ចាន់ដា គូសបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែប្រារព្ធទិវាជាតិនេះឡើង ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង ការផ្សព្វផ្សាយខិតប័ណ្ណ តាមសាលារៀន និងទិសាធារណៈនានា នៅទូទាំងខេត្ត ដែលមានអ្នកចូលរួម និងទទួលបាននូវខិតប័ណ្ណ រហូតដល់រាប់សែននាក់ ដើម្បី បំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការ នៃអំពើរជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយ ដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិ ឥតឈប់ឈរ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទាំងនៅតាមមូលដ្ឋាននានា ។ ក្រៅពីនោះ ការរៀបចំកម្មវិធីនេះ ក៏ជាឱកាសមួយ ក្នុងការដាស់តឿន ដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋាន ឲ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលថ្មីៗ របស់ជនល្មើសជូញដូរមនុស្ស ផងដែរ ។


នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើបន្ថែម ដល់អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា បន្តទៀត ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព នោះគឺការចូលរួមអនុវត្តនូវគោលនយោបាយទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល ដោយឯកឧត្ដម លើកយកចំនុចសំខាន់ៗចំនួន ៤ គឺ ៖ ១.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ ២.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ និង៤.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៕



dd
Bottom Ad