22/12/22 09:25 AM
បន្ទាយមានជ័យ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅសួនមានជ័យ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និលោក ជំទាវ ។
លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា៖ តាមរបាយការណ៍របស់អង្គការUNAIDS នៅឆ្នាំ២០១២ បានបង្ហាញថានៅលើពីសកលលោកទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៣៤ លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ២លាននាក់ ក្នុងមួយឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ក្នុងមួយឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺអេដស៍ដ៏កាចសាហាវនេះ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមការសង្កេត អត្រាប្រេវ៉ាឡង់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្ហាញឲ្យឃើញថា នៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជម្ងឺអេដស៍ នៅលើមនុស្សពេញ ពីអាយុ ១៥ ទៅ៤៩ ឆ្នាំ មានចំនួន១.៧%ហើយមានការថយចុះមកត្រឹម០.៧%នៅឆ្នាំ២០១៣ និងបានបន្តចុះមកនៅត្រឹម០.៦% នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ នេះ ។ ដោយឡែកខេត្តបន្ទាយមានជ័យមានការប៉ាន់ប្រមាណ អ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ប្រមាណ ៤,៦៩២នាក់ ក្នុងឆ្នាំ ២០២២។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ បាទបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពហុវិស័យក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលជម្ងឺនេះ ហើយសម្រាប់ខេត្តបន្ទាយមានជ័យកន្លងមក ដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិអន្តរជាតិនិងស្ថាប័នឯកជននានា យើងមានយុទ្ធសាស្ត្រធំៗចំនួន០៣សំខាន់គឺវិធានការការពារ-ការព្យា បាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងការគ្រប់គ្រងផ្នែកសម្របសម្រួល។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕ ណុប-រក្សា(២៩០១៦)