22/12/22 13:20 PM
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ទាំងអស់គឺជាសរសៃឈាមដ៏មានសារៈសំខាន់បំផុត សម្រាប់បម្រើឲ្យសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងក៏ជាបេះដូងនៃចរន្តសេដ្ឋកិច្ចកម្ពុជាផងដែរ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់មិនត្រឹមតែនៅក្នុងឆ្នាំ ២០២២ ប៉ុណ្ណោះទេ នៅឆ្នាំ ២០២៣ ក្រសួងក៏មានគម្រោងជាច្រើនដើម្បីសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នេះកាន់តែច្រើនបន្ថែមទៀតផងដែរ។
ការមានប្រសាសន៍លើកឡើងរបស់ឯកឧត្តមបែបនេះ គឺនៅក្នុងឱកាស ឯកឧត្តមបានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅនឹង ផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ និងប្រជាពលរដ្ឋទូទៅទាំងអស់ ដែលធ្លាប់បានប្រើប្រាស់ផ្លូវពីកំណត់នេះទទួលអំណរសាទរពិធីសម្ពោធសមិទ្ធផលថ្មី “ផ្លូវលេខ១៤៦បេ” និង “ផ្លូវលេខ១៤៨” ជាមួយចក្ខុវិស័យ “តភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជន”។
ឯកឧត្ដម ស៊ុន ចាន់ថុល បន្តថា សក្តានុពលនៃផ្លូវលេខ១៤៦បេ និងលេខ១៤៨ ដែលជាខ្សែផ្លូវវាងក្រុង តភ្ជាប់គ្នាដ៏មានសក្តានុពល ដែលតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ។
ផ្លូវខេត្តទាំងពីរខ្សែនេះបាន និងកំពុងជំរុញកំណើនការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់ទីប្រជុំជន ដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។
គួរបញ្ជាក់ថា សមិទ្ធផលផ្លូវទាំង២ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ គឺជាការតភ្ជាប់ផ្ទៃក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ហើយក៏បានចូលរួមក្នុងការកាត់បន្ថយការចំណាយ លើវិស័យដឹកជញ្ជូនផងដែរ ពោលគឺចំណេញទាំងថវិកា និងពេលវេលា។ រាជរដ្ឋាភិបាល នៅតែបន្តផ្តល់គោលនយោបាយអាទិភាព លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយវិភាជថវិកាជាតិឱ្យបានច្រើនចំពោះការងារមួយនេះ។ ផ្លូវខេត្តទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងបានចំណាយថវិកាសាងសង់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ដែលជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទ: ប្រសិទ្ធ