23/12/22 09:17 AM
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ករណី លួចទូរស័ព្ទទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះហើយកាលពីវេលាម៉ោង១៣ និង៤៧នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៤និង៤០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ នង សុវណ្ណដង់ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ សុខ លេង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោ ប្រាប់សន្តិសុខធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ នឹងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់មូលដ្ឋានកងរាជអាវុធក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ហើយកន្លងមកខ្លួនធ្លាប់បានលួចទូរស័ព្ទ លួចសម្ភារៈ និងលួចគាស់ផ្ទះជាច្រើនដងទៀតផងដែរ៕ ណុប-រក្សា(២៩០១៦)