23/12/22 09:51 AM
សាខាកក្រក ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា សមាជិកសមាជិការគណៈកម្មាធិការសាខា លោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្រ្តៃយ៍ លោក អ៊ី ធារិន ប្រធានគណៈកម្មធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខាមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម រួមទាំងភ្ញៀវកិត្តិយស និងសប្បុរសជន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ១.០៥៨គ្រួសារ ដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សា និងអនុវិល័យសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់នៅក្នុងស្រុកព្រៃនប់ ក៏ ដូចជាប្រជាពលរដ្ឋរងគ្រោះនៅស្រុកកំពង់សិលាដែលទទួលរងគ្រោះធម្មជាតិខ្យល់មុសុងចុងរដូវវស្សាឆ្នាំនេះ ដែលបង្កឱ្យរបើងដំបូលផ្ទះ រលំផ្ទះ និងមានអ្នករងរបួសថែមទៀតផង។ ព្រមទាំងបានពាំនាំការផ្តាំ ផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ (ខ្យល់កន្ទ្រាក់) នៅក្នុងស្រុកចំនួនពីរក្នុងខេត្តព្រះសីហនុ មានដូចជា ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ព្រមទាំងបានធ្វើការអំពាវនាវជូនចំពោះពុកម៉ែបងប្អូនទាំងអស់ត្រូវថែទាំសុខភាពកូនចៅ ក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា ខ្យល់កន្ទ្រាក់បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់អស់ចំនួន ១១ឃុំ លើ ១៥ឃុំ ស្មើរនឹងចំនួន ៣.៥៨៧គ្រួសារ ក្នុងនោះរបើកដំបូល ៣.៥៥៦ខ្នងផ្ទះ រលំផ្ទះ ៣១ខ្នង រងរបួសមនុស្ស ៥នាក់។ ដោយឡែកនៅស្រុកកំពង់សិលា របើកដំបូលផ្ទះអស់ចំនួន ១១៤គ្រួសារផងដែរ។ ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ ក៏មានការខូចខាតដំបូលអគារអធិការដ្ឋាននគរបាល ដំបូលអគាររដ្ឋបាលសាលាស្រុក និងដំបូលសាលារៀនចំនួន ១៤ទីតាំងផងដែរនៅក្នុងស្រុកព្រៃនប់។
អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១,០៥៨គ្រួសារ មកពី ៨ឃុំ នៅស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ដោយឡែកគ្រួសាររងគ្រោះរលំផ្ទះចំនួន ២ខ្នង ទទួលបានថវិកាបន្ថែម ១លានរៀល និងតង់១ និងអ្នកស្ម័គ្រចិត្តសាខាចំនួន ៣៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕