23/12/22 13:34 PM
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុង ដែលបានបាក់ស្រុត ខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន ។ ឯកឧត្តមបានស្មើឲ្យអ្នកទទួលការ ធ្វើការជួសជុលផ្លូវឡើងវិញ បន្ទាប់ពីបានបាក់ស្រុត ដោយសារទឹកជំនន់ ។
បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ផ្លូវបេតុង ស្ថិតនៅក្នុងឃុំទាំងពីរ ខាងលើ បានស្ថាបនារួចរាល់ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ។ ប៉ុន្តែ ដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការបាក់ស្រុតដី និងប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាជាង ២០០ម៉ែត្រ ដោយក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេប៉ះពាល់ ៣ន្លែង ជាង ១០០ម៉ែត្រ និងនៅភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះ រងផលប៉ះពាល់ផ្លូវ ជាង ១០០ម៉ែត្រ ផងដែរ ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែង នូវចំណុចផ្លូវបេតុង ដែលរងផលប៉ះពាល់ ដូចខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បញ្ជាផ្ទាល់ ដោយតម្រូវឱ្យក្រុមការងារអ្នកទទួលការគម្រោង ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។
សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែ នេះ មានប្រវែងជាង ១៤Km ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយតភ្ជាប់ ចាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ឆ្លងកាត់ភូមិចំនួន ១១ រួមមាន÷ ភូមិមហាលាភ,ដំណាក់ស្វាយ,រកាកោង,ព្រែកគល់,ទំពូង,បទស្រីទន្ទឹង,បំបែងចេះ,ល្វេលើ,ល្វក្រោម,ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ថិតក្នុងឃុំ ពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕