ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន


ត្រលប់ក្រោយ

27/12/22 09:54 AM

ចំនួនទស្សនា៖

366

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ស្ត្រីមិនត្រឹមតែជាស្ត្រីមេផ្ទះមួយមុខប៉ុណ្ណោះទេ ស្ត្រីគឺជាកត្តាលីករជាសរសៃឈាម នៃការអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ចប្រទេសជាតិ ជាម្តាយ ជាវិចិត្រករមនុស្សមាតាដៃ ១០០ សម្រាប់ក្រុមគ្រួសារទាំងមូល ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ស្ត្រីបច្ចុប្បន្នបានដើរតួនាទីជាអ្នកស្វែងរកប្រាក់ចំណូលផ្គង់ផ្គង់គ្រួសារ ជាអ្នកអប់រំ ជាអ្នកបណ្តុះបណ្ដាល និងជាអ្នកចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិថែមទៀតផង។ នេះជាប្រសាសន៍របស់លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត ក្នុងពិធីបិទការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ sunway hotel។


លោកជំទាវបានបន្តថា៖ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើមក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយបរិយាប័ន្ន ក្នុងប្រធានបទ(ដំណើរឆ្ពោះទៅរកសមភាពយេនឌ័រនៅក្នុងវិស័យ ទឹកស្អាត និងអនាម័យជនបទ) ។ ដែលមានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំ និងភាពក្លាហានរបស់ ស្រ្តីក្នុងការចូលរួម និងការសម្រេចចិត្តនានា ក៏ដូចជាការផ្លាស់ប្ដូរជាវិជ្ជមាននៃឥរិយាបទរបស់ស្រ្តី និងបុរស នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដោយជំរុញឱ្យប្រតិបត្តិនូវអនាម័យល្អ៣ប្រការ ៖ ១. លាងដៃនឹងសាប៊ូនៅពេលចាំបាច់ ២. សាងសង់ និងប្រើប្រាស់បង្គន់ ៣.ហូបទឹកមានសុវត្ថិភាព ដើម្បីលើកកម្ពស់អនាម័យស្អាត បរិស្ថានល្អ សុខភាព ជីវភាព ក្រុមគ្រួសារ ក៏ដូចសង្គមជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។


លោកជំទាវបន្ថែមថា៖ ការបញ្ជ្រាបយេនឌ័រលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ វាមិនមែនងាយស្រួលពេកនោះទេពីព្រោះថានេះជាការងារថ្មីមួយដែលមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅឡើយនោះទេ។ ដូច្នេះ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ភាគីពាក់ព័ន្ធនានាផងដែរ។


ក្នុងឱកាសនោះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានថ្លែងថា៖បញ្ហាទឹក -អនាម័យ និងសមភាពយេនឌ័រ គឺជាបញ្ហាសកល វាមិនមែនជារឿងរបស់កម្ពុជាតែម្នាក់ឯងនោះទេ ហេតុដូច្នេះហើយបានជាអង្គការសហប្រជាតិ បានដាក់បញ្ចូលបញ្ហានេះទៅក្នុង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ MDG(២០០០-២០១៥) ក៏ដូចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព “SDG” (២០១៦-២០៣០) ដែលមានផ្នែកមួយនៃគោលដៅធានាឱ្យមានការប្រើប្រាស់ទឹក និងអនាម័យប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។


លោកស្រីបានថ្លែងបន្តថា៖ការលើក កម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើមក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ប្រកបដោយបរិយាប័ន្ន ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈ ប្រតិបត្តិអនាម័យល្អ បរិស្ថានស្អាត កាត់បន្ថយជំងឺឆ្លង ជាពិសេសបញ្ហាក្រិសក្រិនកុមារអាយុក្រោម៥ឆ្នាំ។ យោងលើរបាយការណ៍បង្ហាញថា បញ្ហាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី ២៤% មកត្រឹម ១៦%។ជាក់ស្ដែងការសម្រេចបាន ODF ខេត្តកណ្តាល ជាសក្ខីភាពមួយបញ្ជាក់ថា “ស្រ្តីធ្វើបាន" ព្រោះប្រធាន មន្ទីរអភិវឌ្ឈន៍ជនបទខេត្តជាស្ត្រី ហើយអ្នកចូលរួមប្រតិបត្តិការងារនៅតាមរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ភាគច្រើនក៏ជាស្ត្រីផងដែរ ដូចជា គ.ក.ស.ក ក្រុង/ស្រុក, គ.ក.ន.ក ឃុំ/សង្កាត់ និងអង្គការដៃគូជាដើម។


លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តបានថ្លែងអំណរគុណចំពោះពិធីបិទវគ្គ នាឱកាសនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់គាំទ្រដល់ស្ត្រីក្នុងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការរៀបចំ ការអនុវត្ត និងការសម្រេចចិត្តនៅគ្រប់កម្រិតទាំងអស់ក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា គឺជា មូលដ្ឋានគ្រឹះក្នុងការធានាឲ្យមានសមភាពយេនឌ័រ សេវាទឹកស្អាត និងអនាម័យត្រូវបានផ្តល់ ជូនសហគមន៍ ប្រកបដោយការឆ្លើយតបពីតម្រូវការយេនឌ័រ ដែលក្នុងនោះសម្លេង និងតម្រូវការរបស់ស្ត្រីត្រូវបានយកមកពិចារណា និងធ្វើការឆ្លើយតប៕



dd
Bottom Ad