សម្ដេចក្រឡាហោម ស ខេង ៖ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី តម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន


ត្រលប់ក្រោយ

28/12/22 08:25 AM

ចំនួនទស្សនា៖

220

ប្រភព៖

កណ្តាល

កណ្ដាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។


នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា “ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយ ធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី,ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ”។


ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានពន្យល់ពីការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា



dd
Bottom Ad