លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងប្រកាសចូលកាន់តំណែងមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី


ត្រលប់ក្រោយ

28/12/22 08:34 AM

ចំនួនទស្សនា៖

283

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងប្រកាសចូលកាន់មុខតំណែងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី លោកមេបញ្ជាការរងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានបានចូលរួមផងដែរ។


ថ្លែងនាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានលើកឡើងថា សមិទ្ធិផលដែលអង្គភាពកងរាជអាវុធហត្ថទទួលបាននាពេលកន្លងមក ក៏ដូចជាពេលនេះ គឺបានកើតចេញពីការជឿជាក់ និងពីសកម្មភាពការងារល្អ ទំនាក់ទំនងល្អ ជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី សបញ្ជាក់ពីមោទនភាពដ៏វិសេសវិសាលបំផុត ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ឯក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។


នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច ជាពិសេសអាវុធហត្ថដែលទើបទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មារតីទទួលខុសត្រូវ និងការឆ្លើយតប ចំពោះការផ្តល់នូវភាពជឿជាក់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ។


សូមបញ្ជាក់ផងដែរថា អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៥២.៦២ម៉ែត្រការ៉េ មាន០៦បន្ទប់, អគារស្នាក់នៅ១,ឃ្លាំងសម្ភារៈ១, អគារផ្ទះបាយ១, បន្ទប់ទឹក១ រួមនឹងសមិទ្ធផលផ្សេងៗ សរុបអស់ថវិកាចំនួន១៦១,៨៤៨ ដុល្លារអាមេរិក ។ ព្រមជាមួយគ្នានោះលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានប្រកាសចូលកាន់តំណែងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹងមេបញ្ជាការរងចំនួន៣រូបទៀតផងដែរ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad