29/12/22 08:51 AM
មណ្ឌលគិរី ៖ នៅរសៀល ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នាវេលា ម៉ោង២និង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំពង្រឹងវិធានការ បង្ការ ង្រ្កាបបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន និង ការជួញដូរមនុស្ស។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងព្រមទាំងនាយនាយរងការិយាល័យ លោកនាយ នាយរងផ្នែកនិងមន្ត្រីទាំងអស់ ក្នុងផែនការងារនគរបាលព្រហ្មទណ្ឌលោក ស្នងការរងទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក លោកនាយ នាយរងការិយាល័យនាយផ្នែក ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក អធិការ អធិការរងទទួលការងារ ព្រហ្មទណ្ឌ លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀន លោកអធិការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស,លោកអធិការរងទទួលការងារចរាចរណ៍ផ្លូវគោក លោកនាយផ្នែកចំណុះការងារជំនាញ ទាំង៤ នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុកទាំង៥ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង២១ ដែលបានចូលរួមសរុបចំនួន ៩៧ នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ
និងបានអនុញ្ញាតឲ្យលោក លោកស្រីស្នងការរងព្រមទាំង លោកអធិការនគរបាល ក្រុង/ស្រុក លើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពីការរៀបចំផែនការ សកម្មភាពយកមកដោះស្រាយមិនតែប៉ុណ្ណោះ លោកឧត្តមសនីយ៍ទោ ស្នងការបានមានប្រសាសន៍ជំរុញដល់លោក លោកស្រីស្នងការរងដែលទទួលការងារនៅតាមបណ្តាផែនទាំងបី ព្រមទាំងលោកអធិការក្រុង/ស្រុកទាំង៥ ឲ្យយកចិត្តទុកដាក់និងតម្លើងបញ្ជីឈ្មោះ ដើម្បីយកមករាយការណ៍ជូនលោកស្នងការ នូវរាល់ការខ្វះខាតកម្លាំងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដើម្បីងាយស្រួលក្នុងការបំពេញបន្ថែមក៏ដូចជា ងាយស្រួលក្នុងការបង្ការបង្ក្រាបទប់ស្កាត់នៅរាល់បទល្មើសនានា នៅមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនទាន់សភាពការណ៍។
លោកក៏បានលើកយកនូវប្រសាសន៍ល្អៗពីវិន័យ០០៦ យកមកលាតត្រដាងដើម្បីជាសារដាស់តឿងដល់មន្ត្រីនគរបាលទាំងអស់ឲ្យយកទៅអនុវត្តន៍និងគោរពឲ្យបានខ្ជាប់ខ្ជួនដើម្បីយកបំរើនិងការពារបងប្អូនប្រជាពលរដ្ឋយើង។ មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានថ្លែងនូវអំណរគុណ និង ជូនពរដល់កងកម្លាំងមន្ត្រីនគរបាលរដ្ឋបាលទាំងអស់ឲ្យជួបតែសេចក្ដីសុខចម្រើនគ្រប់ៗគ្នា៕