សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីអបអរសាទរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ


ត្រលប់ក្រោយ

29/12/22 09:09 AM

ចំនួនទស្សនា៖

284

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នារសៀលថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីអបអរសាទរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ។


សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរថ្នាក់ដឹកនាំអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដែលបានកៀគរធនធានទាំងក្នុង និងក្រៅប្រទេសមកជួយគាំទ្រមជ្ឈមណ្ឌលក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយគាំពារ និងទំនុកបម្រុងកុមារកំព្រា កុមារក្រីក្រ ឱ្យបានមកសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពរញ និងខេត្តបាត់ដំបង។


សម្ដេចបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះទៀត។ ជាមួយគ្នានោះដែរ សម្ដេចក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋគ្រិស្តសាសនិកទាំងជាង ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកល និងបានបួងសួងសូមព្រះប្រទានពរដល់បងប្អូនគ្រប់ៗគ្នា។


នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានគ្រប់គ្រង់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងឆ្លើយតបបានយ៉ាងល្អទៅនឹងវិបត្តិសាកលបង្កឡើងដោយជំងឺឆ្លងនេះ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។


សម្ដេចក៏បានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្ត្រ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ ពិសេសការអនុវត្តបានយ៉ាងល្អនូវការមិនប្រកាន់ពូជសាសន៍ និងសាសនា ដែលជាមូលដ្ឋានដ៏សំខាន់នៃការរក្សាបានសុខសន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងសង្គម។


ពីវេទិកាអធិបតីនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០២៣ និងបន្តបន្ទាប់ទៀត ៕



dd
Bottom Ad