30/12/22 12:21 PM
ប៉ោយប៉ែត៖ សោកនាដកម្មករណីឆេះអគារដ៏ធំនៅក្នុងទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ម៉ោង ៧:០០នាទី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ក្រុមរុករកនិងសង្គ្រោះកម្ពុជា-ថៃ រកឃើញអ្នកស្លាប់ជិត ២០ នាក់និងរបួសធ្ងន់ស្រាលជិត ១០០ នាក់។ ដោយអ្នកស្លាប់បានយកទៅតម្កល់ទុកមួយកន្លែងដើម្បីធ្វើកោសល្យវិច្ច័យ និងអ្នករងរបួសធ្ងន់ស្រាលបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់ទៀត។
ដោយឡែកនៅព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៧៖០០នាទី ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ទៀត។
ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់ ដែលបណ្ដាលឲ្យពួកគេបាត់អុកស៊ីសែននៅក្នុងខ្លួន និងទីតាំងជុំវិញ ទើបធ្វើឲ្យពួកគេស្លាប់នៅនឹងកន្លែងតែម្ដង។ ចំពោះជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។
ដោយសារទំហំនៃការឆេះមានសភាពខ្លាំងក្លានិងមានទំហំធំ អាជ្ញាធរខេត្តមិនអាចធ្វើការបាញ់ពន្លត់ និងសង្គ្រោះដោយខ្លួនឯងបាន ក៏ត្រូវបានកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃ ដើម្បីគ្រប់គ្រងស្ថានការណ៍នៃការឆេះដ៏សាហាវនេះផងដែរ។
សូមជម្រាបថា បើតាមរបាយការណ៍របស់ឯកឧត្តម កែវគឹម យ៉ាន និងឯកឧត្តម អ៊ំ រាត្រី បានបញ្ជូនទៅសម្ដេចតេជោ ហ៊ុន សែន ថា គឺមានមនស្សដែលស្នាក់នៅនៅក្នុងអាគារនោះ ទាំងខ្មែរនិងបរទេស ជាង ១ពាន់នាក់និងមានបុគ្គលិកជាង ៥០០នាក់។ ចំពោះការខូចខាតវិញគឺមិនទាន់អាចវាយតម្លៃបាននោះទេ ហើយបច្ចុប្បន្នគឺក្រុមការងារនៅតែបន្តរុករកជាបន្តទៀតដើម្បីស្វែងរកអ្នកដែលបានស្លាប់នៅក្នុងករណីអគ្គីភ័យដ៏ធំនេះ។
គួររំលឹកថា អគ្គិភ័យនេះបានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។ ដោយគិតមុខទល់នឹងម៉ោង ៧:០០នាទី ថ្ងៃទី 30 ខែធ្នូឆ្នាំ 2022 នេះ មានរយៈពេលជាង ៣១ ម៉ោង ហើយ ក្រុមការងាររុករកនិងសង្គ្រោះនៅតែបន្តរុករកអ្នករងគ្រោះបន្ថែមទៀតព្រោះ ការវាយតម្លៃរបស់សមត្ថកិច្ចជឿជាក់ថានៅមានមនុស្សជាប់នៅក្នុងអាគារដែលបានចេះនេះទៀតនៅឡើយ៕ អត្ថបទ: ប្រសិទ្ធ