ឯកឧត្តម សាយ សំអាល់៖ «សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន»


ត្រលប់ក្រោយ

04/01/23 13:49 PM

ចំនួនទស្សនា៖

218

ប្រភព៖

ព្រះសីហនុ

ព្រះសីហនុ៖ «សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន» នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ សមាជិកព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យ៉ាងច្រើនកុះករ។


ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសពឹងផ្អែកលើការធ្វើស្រែចម្ការ និងធនធានធម្មជាតិ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយបានបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ។ កត្តានេះ បានធ្វើឱ្យប្រជាជនកម្ពុជាឆ្លងផុតពីអត្រាក្រីក្រពាក់កណ្ដាលនៃចំនួនប្រជាជនសរុប។


ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ការបើកបវេសនកាលថ្មី នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស គឺជាសក្ខីភាពនៃសមិទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ដែលបានផ្ដល់ឱកាសពេញលេញក្នុងការបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ។


ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងចូលរួមអបអរសាទរជាមួយអាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេស កោតសរសើរខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ក្នុងការយកចិត្តទុកដាក់បង្ហាត់បង្រៀន និងតម្រង់ទិសសិស្សានុសិស្ស។


សម្រាប់សិស្ស ដែលប្រឡងជាប់និទ្ទេស A ទទួលបាន ម៉ូតូមួយគ្រឿង និងថវិកាចំនួន ១លានរៀល ទន្ទឹមនោះ ក៏មានការផ្ដល់ថវិកាឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដទៃទៀតផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ មានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ចំនួន ១៧១៤នាក់ (ស្រី ៩១០នាក់) ហើយបេក្ខជនប្រឡងជាប់ មានចំនួន ១៣៦៤នាក់ ស្មើនឹង ៨០,៥២% (ស្រី ៧៥៩នាក់)។ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ២១នាក់ (ស្រី ១៣នាក់) និទ្ទេស B ចំនួន ១១៦នាក់ (ស្រី ៧៧នាក់) និទ្ទេស C ចំនួន ៣២៥នាក់ (ស្រី ១៨៤នាក់), និទ្ទេស D ចំនួន ៤៩៦នាក់ (ស្រី ២៧៥នាក់) និងនិទ្ទេស E ចំនួន ៤០៦នាក់ (ស្រី ២១០នាក់)៕



dd
Bottom Ad