05/01/23 09:33 AM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ សម្ដេច ជួន ណាត ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង អតីតលោកគ្រូ អ្នកគ្រូ ជានិវត្តន៍ជន និងលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។
បន្ទាប់ពីអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្ស រួចមក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តម របស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាន នៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរព ចំពោះ មនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី ប្រកបដោយកាតរីកចម្រើនលើគ្រប់វិស័យ ។ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ” ។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ទាំងមូលផងដែរ ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្សឱ្យដើរទៅតាមផ្លូវត្រូវ ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថាការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភព ដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខទៅវិញ ។ ដូច្នេះ មាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅ ឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់ នៃការកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្រត្រឹមត្រូវ ដើម្បីកុំឱ្យពួកគេ ស្ថិតនៅក្នុងក្រុមក្មេងទំនើងដើរមិនចូលផ្ទះ មិនចូលសាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈ ឬសាលារៀន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ ។ ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា ប្រការនេះ គឺជាកង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិទាំងមូល យើងចាំបាច់ត្រូវរួមគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់តាមវិធានការ ដែលមានរួចមកហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ។ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ៕