គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ៧គ្រួសារ នៅស្រុកពារាំង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង


ត្រលប់ក្រោយ

06/01/23 09:49 AM

ចំនួនទស្សនា៖

236

ប្រភព៖

ព្រៃវែង

ព័ត៌មានជាសំឡេង

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពារាំង ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ៧ខ្នងផ្ទះ ស្មើនឹង ៧គ្រួសារ នៅឃុំចំនួន ២ គឺឃុំមេសរប្រចាន់ និងឃុំកំពង់ពពិល ស្មើនឹង ៥ភូមិ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។


នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការសាងសង់ផ្ទះក្បែរច្រាំងទន្លេ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។


ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ

កូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។


ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ២៩នាក់។

សម្ភារៈផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ ២៥គ.ក តង់ ១ កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) មី ១កេស ត្រី ខ ១យួរ និង និងថវិកាចំនួន ២០០,០០០រៀល និងអនុសាខាស្រុក បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះក្នុង ១គ្រួសារ ចំនួន ២០០,០០០រៀល។


ចំពោះគ្រួសាររងគ្រោះខូចខាតទាំងស្រុង ១គ្រួសារ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាបន្ថែម ចំនួន ២០០,០០០រៀល និងលោកចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ចំនួន ១០០,០០០រៀល ដើម្បីសម្រួលដល់ការរុះរើផ្ទះ។



dd
Bottom Ad