06/01/23 10:42 AM
ព័ត៌មានជាសំឡេង
សៀមរាប៖ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២ នៅសាលាប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តីទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីលោកប្រធាន/អនុប្រធានមន្ទីពាណិជ្ជកម្ម សមាជិក សភាពាណិជ្ជកម្ម លោកជំទាវ ឯកឧត្តម លោក លោកស្រី អាជីវករ ទាំងអស់ដែលមានវត្តមានផងដែរ។
លោក អភិបាលរងខេត្តបានលើកឡើងថាតាមនីតិវិធីតម្រូវឱ្យមានការរៀបចំការបោះឆ្នោតសមាជិកជ្រើសតាំងថ្មី ដើម្បីបំពេញបន្ថែមសមាជិកជ្រើសតាំងដែលផុតអាណត្តិ ដើម្បីបន្តនិរន្តរភាពសភាពាណិជ្ជកម្មខេត្ត ដោយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀចំការបោះឆ្នោតសភាពាណិជ្ជកម្មថ្នាក់ជាតិ។ ជាមួយគ្នានេះ ដើម្បីអោយកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដំណើរការប្រកបដោយភាពជោគជ័យ ក៏ដូចជាផ្តល់ឱកាសអោយពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្តបានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តសៀមរាប អញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប អាណត្តិទី៣ លើកទី១។
ក្នុងនោះលោកអភិបាលរងខេត្ត បានបញ្ជាប់ផងដែរថា ការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០២ រសៀល រហូតដល់ម៉ោង ៥ រសៀល នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ហើយអ្នកដែលអាចចូលរួមបោះឆ្នោតបាន លុះត្រាតែបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់។