11/01/23 08:46 AM
សៀមរាប៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សាខា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ិនសួរ៉ិនស៍ (ខេមបូឌា)ទី២ ត្រូវបានសម្ពោធកាត់ខ្សែបូដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តសៀមរាប ក្រោម អធិបតីភាពឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបនិងមានការចូលរួមពីលោក លោកស្រី ជាអគ្គនាយកប្រតិបត្តិ និង បុគ្គលិកក្រុមហ៊ុនជាច្រើនរូបផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ិនសួរ៉ិនស៍ (ខេមបូឌា) បានបញ្ជាក់ថា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ិនសួរ៉ិនស៍ (ខេមបូឌា) បានដំណើរការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ឆ្នាំមកហើយ តែក្រោយស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូស្រាលនៅកម្ពុជា ក្រុមហ៊ុនបានពង្រីកនូវសាខាចំនួន ២ មាននៅខេត្តបាត់ដំបង និង ខេត្តសៀមរាប ដែលជាសាខាទី២ របស់ក្រុមហ៊ុន ក្នុងគោលដៅបង្ខិតឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក៏ដូចអាជីវករ ក្រុមហ៊ុនផងដែរ។ លោកបានបន្តថាការបង្កើតសាខានេះ ដើម្បីផ្ដល់នូវលទ្ធភាពទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថ្មីៗនេះយើងបានចាប់ផ្តើមគម្រោងធានារ៉ាប់រងបែបឌីជីថលដ៏សាមញ្ញមួយ ហើយគម្រោងនេះពិតជាមានសារៈសំខាន់ ក្នុងអត្ថន័យគាំទ្រយ៉ាង ពេញទំហឹងចំពោះចក្ខុវិស័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅចំពោះការរៀបចំផែនការហិរញ្ញវត្ថុ ក៏ដូចជាការបង្កើនអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចនៃផលិតផលក្នុងស្រុកសរុបរបស់វិស័យធានារ៉ាប់រងពី ១.១% ដល់ ៥.៥% នៅត្រឹមឆ្នាំ ២០៣០ ។
នាឱកាសនោះដែរ លោក យុន លីនណេ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានអភិវឌ្ឍន៍ក្រុម ហ៊ុន និង ពង្រីកសាខារបស់ខ្លួននៅតាមខេត្ត សំខាន់នៅខេត្តសៀមរាបសម្រាប់ផ្តល់សេវាធានារ៉ាប់រងដល់ប្រជាពលរដ្ឋ ក្នុងការក្លាយខ្លួនជាអ្នកឯកទេសផែនការហិរញ្ញវត្ថុ និង ទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ នៃគម្រោងធានារ៉ាប់រងអាយុជីវិត ដើមី្បគាំពារអនាគតការសិក្សាកូនៗ ។ លោកបានមានសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងបានចូលរួមចំណែកដល់ការលើកកម្ពស់ដល់សេដ្ឋកិច្ចសង្គម ដោយផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកប្រាក់ចំណូល ដើមី្បចរន្តសាច់ប្រាក់ ក្នុងទីផ្សារ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះ ការទិញសេវាធានារ៉ាប់រង គឺឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និង ទទួលខុសត្រូវក្នុងនាមជាមេគ្រួសារ ជាអាណាព្យាបាលដែលបានគិតគូរ គ្រួសារ ទាំងបច្ចុប្បន្ន និង អនាគត។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានលើកឡើងថា វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ជាវិស័យដែលនៅក្មេងខ្ចី ដូច្នេះដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនត្រូវខិតខំពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ជាពិសេសការទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ ក៏បានបញ្ជាក់ថា ផលិតផលធានារ៉ាប់រង ជាឧបករណ៍ហិរញ្ញវត្ថុមួយដែលជួយដល់ពលរដ្ឋ បើប្រៀបធៀប និងប្រទេសរីកចម្រើន កម្ពុជាយើងជាប្រទេស ដែលដំណើរការវិស័យធានារ៉ាប់រងនៅមានកម្រិត ហើយវឌ្ឍនភាពក្នុងវិស័យនេះ ក៏នៅមានកម្រិតនៅឡើយ ដោយហេតុថា ប្រជាពលរដ្ឋ មិនបានសិក្សាអំពីអត្ថប្រយោជន៍លើសេវាធានារ៉ាប់រងឱ្យអស់លទ្ធភាព រឺឯការផ្សព្វផ្សាយគ្រប់រូបភាព នៅមិនទាន់គ្រប់គ្រាន់នៅឡើយ៕