12/01/23 14:14 PM
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីនោះដែរក៏មានការអញ្ជើញពីសំណាក់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្ដម អភិបាលខេត្តកំពង់ស្ពឺ និងកងកម្លាំងទាំងបី ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តចូលរួមផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលកណ្តាល បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាពេលនេះ គឺពិតជាមានសារៈសំខាន់ ជាសមិទ្ធផលរូបវ័ន្តក្នុងវិស័យសង្គមកិច្ចថ្មីមួយទៀតដែលកកើតក្នុងទឹកដីខេត្តកណ្តាល។
ឯកឧត្ដមអភិបាលបន្តទៀតថា ក្រៅពីមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលយើងកំពុង ជួបជុំប្រារព្ធពិធីដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងសាង សង់អគារ មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនថ្នាំញៀន នៅភូមិទួលសុភី ឃុំព្រែក គយ ស្រុកស្អាង ខេត្តកណ្តាល មានអគារសរុប ចំនួន ២១ អគារមាន ១៤ ប្រភេទ ដែលបច្ចុប្បន្នអគារ ទាំងនោះដំណើរការសាងសង់សម្រេចបាន ៩៥ ភាគរយ សម្រាប់ជួយសម្រាលបន្ទុកអ្នកជាប់ ពន្ធនាគារខេត្ត ដែលកំពុងណែនចង្អៀត ហើយភាគច្រើននៃអ្នកជាប់ឃុំខ្លួន គឺពាក់ព័ន្ធនឹងបទល្មើស និងអ្នកប្រើប្រាស់គ្រឿងញៀន។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងដើរតួនាទីសំខាន់លើ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះ បណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀន ចូលទៅក្នុងសហគមន៍ និង ក្រុមគ្រួសារវិញ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងដោះស្រាយបញ្ហាសង្គមតាម រយៈការបន្សាប ព្យាបាល លើអ្នកញៀនគ្រឿងញៀន និងចូលរួមចំណែកក្នុងការស្តារនីតិសម្បទាលើអ្នកដែលបន្សាបគ្រឿងញៀនរួច តាមរយៈការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំនិនជីវិតផ្សេងៗ ធ្វើយ៉ាងណាអោយពួកគាត់មានជំនាញសមស្រប សម្រាប់ប្រកបរបរចិញ្ចឹមជីវិតមុនពេលធ្វើ កម្មចូលក្នុងសហគមន៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបានបានក្រើនរម្លឹកដល់មន្ត្រីកងកម្លាំង ប្រដាប់ អាវុធ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់ សេវាសាធារណឱ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឱ្យចូលរួមអនុវត្តន៍ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេស បទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ និងមួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន។
គួរបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទា សាងសង់នៅនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ រីឯមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ។