ក្រុមការងាររុះរើកាស៊ីណូនៅប៉ោយប៉ែត ដែលឆេះកន្លងមកប្រទះឃើញសពជនរងគ្រោះ០១នាក់ទៀត ជាជនជាតិថៃ នៅក្នុងបន្ទប់ទឹកជាន់ទី១០


ត្រលប់ក្រោយ

13/01/23 09:43 AM

ចំនួនទស្សនា៖

526

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមជំនាញបានប្រទះឃើញសពម្នាក់ទៀតក្នុងចំណោម២៦នាក់ទៀត ក្នុងករណីអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែត កន្លងមក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។សពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹករួមជាន់ទី១០កាស៊ីណូហ្រ្គែនដាយមិន នៅល្ងាចម៉ោង ៥ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ សរុបអ្នកស្លាប់ដោយសារអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែតកន្លងមកបានកើនដល់ ២៧នាក់ ហើយ ។


យោងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងក្រុមការងាររុករកសព និងរើគំនរបែកបាក់ កាស៊ីណូនៅប៉ោយ ប៉ែតកន្លងមក បានប្រាប់ឲ្យដឹងថា៖ ខាងក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន ទើបបានរកឃើញសពជនរងគ្រោះក្នុងគ្រោះអគ្គីភ័យឆេះកាស៊ីណូចំនួន១នាក់ទៀត នៅអគារសណ្ឋាគារជាន់ទី១០ ក្នុងចំណុចបន្ទប់ទឹករួម លុះនៅម៉ោងវេលាម៉ោង ៥ល្ងាច ឡានពេទ្យ បានដឹកសពយកទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីធ្វើកោសលបច្ច័យ លុះដល់វេលាម៉ោង ៦ យប់ក្រុមការងារបានពិនិត្យសពរួច លទ្ធផលគឺ សពជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែងភ្លើង បង្កថប់ដង្ហើម នៅលើឯកសារសព មានអត្តសញ្ញាណ១សន្លឹក ឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់( Chavivat peechapol) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225 ។


សពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំទំនាក់ទំនងប្រគល់ជូនទៅភាគីថៃ ដើម្បីដឹកយកទៅប្រគល់បន្តដល់ក្រុមគ្រួសារសព ។


សូមរំលឹកថា៖ អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ ក្នុងភូមិប៉ោយ ប៉ែតនិងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យឆេះខ្ទេច ដែលបង្កពីទុស្សេខ្សែភ្លើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។


មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករក មានកម្ពុជា និងថៃបាន បិទបញ្ចប់ប្រតិបត្តិការរុករកសពកាលពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២កន្លងមក។ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ។ក្នុងនោះទាំងអ្នករបួសនិងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១.០០៩នាក់ និងខាងថៃចំនួន២២១នាក់ ក្នុងចំណោមសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់១នាក់ ម៉ាឡេស៊ី១នាក់ សង្ស័យចិន១នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ) ៕ ណុប-រក្សា(២៩០១៦)





dd
Bottom Ad