17/01/23 09:59 AM
បន្ទាយមានជ័យ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំងនឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលម្អឡើងវិញ រាល់សមិទ្ធផល ចាស់ៗនិងកសាងបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ទីតាំងនេះ។
លោកវរសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃនាយកដ្ឋានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាបានមានប្រសាសន៍នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ខណៈអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីចាក់បំពេញទីធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំងបញ្ចៀសការលិចលុងនារដូវវស្សា។
ក្នុងឱកាសនៃការចុះពិនិត្យទីតាំងខាងលើ ក៏មានវត្តមាន លោកវរសេនីយ៍ឯក ផុន សុធារ៉ា មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងខេត្តបន្ទាយមានជ័យ លោកស្រី មួង សុភឿន អភិបាលរងស្រុកម៉ាឡៃ លោកជា រិទ្ធ មេបញ្ជការផ្នែកសិករងស្រុកម៉ាឡៃ ពលទាហាន និងមន្ត្រីមូលដ្ឋានចូលរួមជាច្រើនផងដែរ។
លោកស្រី មួង សុភឿន អភិបាលរងស្រុកម៉ាឡៃបានបញ្ជាក់ឱ្យដឹងថា៖ កន្លងមកទីតាំងប្រវត្តិសាស្ត្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណធ្លាទីសារតាំងប្រវត្តិសាស្ត្រ លិចសួនច្បារ បង្កឲ្យដើមឈើជាច្រើនដើមត្រូវងាប់ជាបន្តបន្ទាប់ ដោយមើលឃើញផលប៉ះពាល់នេះ អភិបាលស្រុកម៉ាឡៃលោក ស្វាយ ជា បានគៀងគរសប្បរសជនដាក់លូរំដោះទឹកប្រមាណជា២២៥កង់ ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ម៉ែត្រចូលក្នុងទីតាំងប្រវត្តិសាស្ត្រផងដែរ។
ជាមួយគ្នានោះ លោកស្រី មួង សុភឿន ថ្លែងអំណរគុណដល់សប្បរសជនក្នុងមូលដ្ឋាន ពិសេសឯកឧត្ដម ឈឹត ឈឿន ប្រធានក្រុមហ៊ុនKCគ្រុប តំបន់ប្រតិបត្តិការសឹករងម៉ាឡៃ ផ្នែកប្រតិបត្តិការសឹករងម៉ាឡៃដែលបានគាំទ្រ និងថែរក្សាកន្លងមក។
លោកវរសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃនាយកដ្ឋានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាមានប្រសាសន៍ថា ក្រោយមានការលិចលុងដោយជំនន់ទឹកភ្លៀងក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រយោធា គ្រោងនឹងស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលម្អឱ្យគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំង ព្រោះតំបន់នេះនឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងសម័យមុនៗដែលវីរៈជនបានសាងឡើងក្នុងបំណងការពារបូរណ៍ភាពទឹកដី។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក យ៉ែម សារឿន ក៏បានថ្លែងអំណរគុណដល់គ្រប់បណ្ដាអង្គភាពព័ន្ធ និងសប្បរសជនដែលបានជួយឧបត្ថមគាំទ្រ ទាំងស្មារតីនិងថវិការដើម្បីឱ្យតំបន់ប្រវត្តិសាស្រ្តមួយនេះលេចមុខមាត់បង្អួតទេសចរណ៍នាថ្ងៃអនាគត់៕ ណុប-រក្សា(២៩០១៦)