សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ


ត្រលប់ក្រោយ

17/01/23 12:36 PM

ចំនួនទស្សនា៖

290

ប្រភព៖

សៀមរាប

ព័ត៌មានជាសំឡេង

សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប។


លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើរបាយការណ៍ស្វាគមន៍សម្ដេចក្រឡាហោម និងអង្គពិធីថាអគារថ្មីនេះ ជាសមិទ្ធផលថ្មីមួយទៀតកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។


លោកជំទាវរដ្ឋមន្រ្តីបន្តថា អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្សឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។


លោកជំទាវ បន្ថែមថាទីតាំងនេះត្រូវបានបែងចែករួមមានអគារថ្នាក់ដឹកនាំ សាលាប្រជុំ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព អគារអនុប្រធានអង្គភាពនិងផ្នែកព្រហ្មទណ្ឌ អគារសុខាភិបាលនិងវិទ្យុ អគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ អគារផ្ទះបាយ ជម្រកកម្លាំងត្រៀម រោងចំណតម៉ូតូ រោងចំណតរថយន្តអគ្គិភ័យ ប៉ុស្តិ៍យាម ដងទង់ជាតិ ចំណតរថយន្តតូច ទីលានកីឡា ស្រះទឹក និងអង់តែនវិទ្យុទាក់ទងជាដើម។


សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាអគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌនេះពិតជារៀបចំបានស្អាតតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិសមជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាននិងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំងនគរបាលការពារបេតិកភណ្ឌ។


សម្ដេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្រ្តីរាជការ និងថ្នាក់ដឹកនាំទាំងអស់នៃអាជ្ញាធរជាតិអប្សរាក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ជាពិសេសគំនិតផ្ដួចចផ្ដើមសិក្សារៀបចំ និងកែលម្អថ្មីជាមួយនឹងការលេចឡើងសមិទ្ធផលជាច្រើន។ សម្ដេច បានថ្លែងកោតសរសើរអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាការពារបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិ។


សម្ដេចក្រឡាហោម ស ខេង បន្តថារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយតាមគោលការណ៍ស្ម័គ្រចិត្តនិងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅមិនរៀបរយក្នុងតំបន់រមណីយដ្ឋានទៅកាន់ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ហើយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារបានស្ម័គ្រចិត្តចូលរួម ដែលជាការបង្ហាញអំពីគម្រូវីរៈភាព និងការដឹងគុណចំពោះមរតកដូនតាដ៏មានតម្លៃមហាសាលនេះ។


ជាមួយនឹងការគូសបញ្ជាក់អំពីភាពជោគជ័យនៃការអនុវត្តគោលនយោបាយខាងលើនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តរម្លឹកជូនអង្គពិធីអំពីអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារនិងអភិរក្សបេតិកភណ្ឌជាតិ ជាមួយនឹងការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ជូនប្រជាជននៅក្នុងមូលដ្ឋាន។


សម្ដេចនាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាកាតចាត់វិធានការតាមច្បាប់។


សម្ដេច ក៏បានផ្ដល់មតិឱ្យពិនិត្យការរៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី និងការចល័តយាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូលតំបន់ហាមឃាត់ជាអាទិភាពនានាចំពោះបុគ្គលិកទាំងឡាយណាដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។


សម្តេចក្រឡាហោម ក៏បានផ្ដល់អនុសាសសន៍អង្គភាពនគរបាលការពរបេតិកភណ្ឌបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។


សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយនៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ៕



dd
Bottom Ad