សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា


ត្រលប់ក្រោយ

18/01/23 11:07 AM

ចំនួនទស្សនា៖

180

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨​ ខែមករាឆ្នាំ២០២៣នេះ។


ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចដែលបានគំាទ្រនិងផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុងការជំរុញឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តមបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទំាងអស់បន្តគំាទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការល្អបន្តទៀតដល់ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងមកបន្តបេសកកម្ម ពីឯកឧត្តមនាពេលខាងមុខនេះ។


ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទំាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា​ ជោគជ័យរបស់កម្ពុជានោះនឹងជំរុញដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។


ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានលើកឡើងថា​ នៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា៥ឆ្នាំកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា​ កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា​ នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងមានខឿនសេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។


ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនាមរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធនៃប្រទេសទំាងពីរ។


សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។​ បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា​ ពិតជាបានបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរថែមទៀតក្នុងការលើកស្ទួយវឌ្ឍនភាពនៃចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។


កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។


សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធផលទំាងឡាយ ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរសម្រេចបាន ដែលពិតជាបាននំាមកនូវផលប្រយោជន៍ដល់ប្រជាជាតិទំាងសងខាង។


ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើការងារនីតិកម្មនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភានៃប្រទេសទំាងពីរ។


ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈ ជំនួយអភិវឌ្ឍន៍ធនធានមនុស្សការលើកកម្ពស់ សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ៕



dd
Bottom Ad