លោកជំទាវ ហ៊ុន ដានី៖ «ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ដែលបម្រើការក្នុងវិស័យទេសចរណ៍»


ត្រលប់ក្រោយ

18/01/23 13:01 PM

ចំនួនទស្សនា៖

542

ប្រភព៖

ត្បូងឃ្មុំ

ព័ត៌មានជាសំឡេង

(ខេត្តត្បូងឃ្មុំ)៖ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងវិស័យទេសចរណ៍» ដែលបានរៀបចំឡើងនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធសំខាន់ៗ។


នៅក្នុងកិច្ចប្រជុំលោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរគឺជាកាតព្វកិច្ចគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គម»។ កិច្ចការនេះមិនអាចស្ថាប័នតែមួយ ក្រុមមួយ ឬបុគ្គលមួយធ្វើតែឯងហើយសម្រេចជោគជ័យបាននោះទេ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។


លោកជំទាវបានគូសរំលេចអំពី "សីលធម៌សង្គម" ផ្តោតលើទិដ្ឋភាពបីសំខាន់គឺ៖ ការគោរព គ្មានការរើសអើង និងគ្មានអំពើហិង្សា។ មានន័យថាការលើកកម្ពស់សង្គមមួយដែលស្ត្រី បុរស ក្មេងប្រុសនិងក្មេងស្រី រស់នៅដោយការគោរពពេញលេញ ដោយគ្មានការរើសអើងនិងអំពើហិង្សា។ រីឯ "តម្លៃស្ត្រី និងគ្រួសារខ្មែរ" ផ្តោតលើការជំរុញសង្គមមួយដែលទទួលស្គាល់តម្លៃជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីនៅក្នុងគ្រួសារ និងសិទ្ធិទទួលបានការចាត់ចែងចំណូលក្នុងគ្រួសារដោយគ្មានការរើសអើង។


យ៉ាងណាមិញ ចំពោះស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ ជាពិសេសស្ត្រីក្នុងសេវាកម្សាន្តមនុស្សពេញវ័យ មិនគួរត្រូវបានរើសអើងនោះទេទោះតិចឬច្រើនក្តី ដោយសារមុខរបរនេះជាមុខរបរស្របច្បាប់ សុចរិតត្រឹមត្រូវដូចមុខរបរដទៃទៀតដែរ ហើយមានការឱ្យតម្លៃនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។


លោកជំទាវ ហ៊ុន ដានី ក៏បានដាក់ចេញនូវផែនការតម្រង់ទិសដល់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើការចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍ ពង្រឹងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ឱ្យបានល្អជាងមុនជាមួយនឹងការពង្រឹងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ ព្រមទាំងចាត់ជាក្រុមការងារតូចៗដើម្បីចុះអប់រំបណ្តុះបណ្តាល និងសំណេះសំណាលសួរសុខទុក្ខជាដើម ដើម្បីឱ្យពួកគាត់ទទួលបាននូវអារម្មណ៍កក់ក្តៅ និងការការពារសុវត្ថិភាពពីការបៀតបៀនជាដើម៕



dd
Bottom Ad