លោក អ៊ុន ចាន់ដា៖ មន្ត្រីរាជការត្រូវនៅជាប់ជាមួយនឹងប្រជាពលរដ្ឋ ដើម្បីប្រសិទ្ធភាពការងារ


ត្រលប់ក្រោយ

19/01/23 09:37 AM

ចំនួនទស្សនា៖

245

ប្រភព៖

កំពង់ចាម

ព័ត៌មានជាសំឡេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងថា មន្ត្រីរាជការត្រូវនៅជាប់ជាមួយនឹងប្រជាពលរដ្ឋដើម្បីប្រសិទ្ធភាពការងារ។ លើសពីនេះមន្ត្រីរបស់យើងត្រូវខិតខំបំពេញការងារ និងកែប្រែឥរិយាបថចំពោះប្រជាពលរដ្ឋ ព្រោះពួកគាត់បានផ្ដល់ប្រាក់ខែឲ្យយើងតាមរយៈរាជរដ្ឋាភិបាល។ រាល់ការងារណាដែលជាបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្ត្រីមូលដ្ឋានដែលអនុវត្តផ្ទាល់ ពិសេសការប្រើប្រាស់នូវឯកសាររដ្ឋបាលគតិយុតនានា ត្រូវប្រញាប់ដោះស្រាយជូនពួកគាត់ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។


ការមានប្រសាសន៍លើកឡើងបែបនេះ របស់លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ ដែលដែលពិធីនេះប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។


លោក អ៊ុន ចាន់ដា បន្ថែមថា ការរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ចំពោះបញ្ហាសំណើរ សំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកមកដោះស្រាយ ព្រោះនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលតម្រូវឱ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំធ្វើការងារឱ្យអស់ពីចិត្តពីថ្លើម និងដោយស្មោះត្រង់បំផុតជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេសការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។


លើសពីនេះលោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរនៅក្នុងការបង្ក្រាបល្បែងស៊ីសង បទល្មើសផ្សេងទៀតគ្រប់ប្រភេទ ធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺភូមិឃុំមានសុវត្ថិភាព។ នឹងត្រូវសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋបន្តផ្ដល់ព័ត៌មានពិតដល់សមត្ថកិច្ចងាយស្រួលនៅក្នុងការបំពេញការងារ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad