19/01/23 09:53 AM
ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូយោធាថៃ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹករងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ (ប៉ៃលិន+ចាន់បុរី) ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងយោធាថៃ ខេត្តចាន់បុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក បើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ «ប្រទេសយើងទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២» ហើយជាក់ស្តែងនាពេលកន្លងមក កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ កម្ពុជា-ថៃ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និង កងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ។
ជាការឆ្លើយតប លោកវរសេនីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹករងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ អោយកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈ សមិទ្ធផលសំខាន់ៗ ដែលកងទ័ពខេត្ត (ប៉ៃលិន+ចាន់បុរី) សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អ រវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនង រវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការ កសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។
លោកមេបញ្ជាការក៍បានមានប្រសាសន៍លើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែក របស់កងកម្លាំងនៃខេត្តទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈ ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ។