ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ណែនាំដល់អជ្ញាធរក្រុងស្រុកពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងទីប្រជុំជនផ្សារ និងតូបលក់តាមចិញ្ចើមផ្លូវ ឲ្យមានរបៀបរៀបរាយ និងសម្រួលដល់ចរាចរណ៍ចេញចូល


ត្រលប់ក្រោយ

19/01/23 10:00 AM

ចំនួនទស្សនា៖

219

ប្រភព៖

ក្រចេះ

ព័ត៌មានជាសំឡេង

ក្រចេះ៖ ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញណែនាំដល់គណៈបញ្ជាការឯកភាពស្រុកក្រុងទាំងអស់ ត្រូវរួមសហការក្នុងការចុះពិនិត្យ និងរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមចំនុចទីប្រជុំជនលក់ដូរ មានផ្សារ និងតូបផ្ទះប្រជាពលរដ្ឋជាប់ផ្លូវសាធារណ: ជាពិសេសក្នុងក្រុងតែម្តង ដើម្បីឲ្យមានសោភ័ណ្ឌភាព សម្រួលចរាចរណ៍ចេញចូល និងងាយស្រួលក្នុងការសង្គ្រោះពេលមានហានីភ័យ និងចុះផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងក្មេងទំនើងជាដើម ដើម្បីក្រើនរំលឹកឲ្យចូលរួមគោរពអនុវត្តន៍ និងទប់ស្កាត់អំពីបញ្ហាទាំងអស់នេះ ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាព ។


ឯកឧត្តម វ៉ា ថន បន្តថាគ្រប់គណ:បញ្ជាការឯកភាពអស់ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋានរបស់ខ្លួន ចាប់ពីពេលនេះតទៅដើម្បីឆ្ពោះរក្សាឲ្យបាននូវសភាពការណ៍សម្រាប់ការបោះឆ្នោតនាពេលខានមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានទំនុកចិត្ត និងសប្បាយចិត្ត ជាមួយគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមដំបូលសន្តិភាព ។

ហើយត្រូវចុះពិនិត្យចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ខុសថ្ងៃខែឆ្នាំ និងអក្ខរាវិរុទ្ធ ដើម្បីស្រង់ទិន្នន័យទាំងអស់នោះ យកមកធ្វើការកែតម្រូវដើម្បីឲ្យទាន់ពេលវេលានិងបានប្រើប្រាស់ក្នុងពេលបោះឆ្នោត និងត្រូវចុះផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ ឲ្យពួកគាត់បានដឹង និងឃើញអំពីសមិទ្ធផលដែលរដ្ឋាភិបាល បានកសាងនិងកំពុងបន្តធ្វើ និងជាពិសេសគឺផ្សព្វផ្សាយឲ្យដឹងអំពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ទៅប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អំពីបញ្ហាគ្រោះមហន្តរាយនានា និងបញ្ហាសុខភាពជាសាធារណ: គឺជំងឺកូវីដ-១៩ ដោយក្នុងនោះបានផ្តល់ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ ក៏ដូចជាស្បៀង និងសម្ភារ:ប្រើប្រាស់់មួយចំនួន ជារៀងរាល់ខែផងដែរ ។


ក្នុងនោះដែរ ឯកឧត្តម ក៏បានជំរុញដល់ក្រុងស្រុកទាំងអស់ ជួយផ្សព្វផ្សាយណែនាំដល់ម្ចាស់សិប្បកម្មដែលមានទុនក្រោម២ម៉ឺនដុល្លាអាមេរិក (សិប្បកម្មមិនមានហានីភ័យ) សូមមកចូលរួមដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណរបស់ខ្លួន ដើម្បីភាពស្របច្បាប់ ។


គូសបញ្ជាក់ថា ៖ កិច្ចប្រជុំមានរបៀបវារៈចំនួន៣ គឺ-ពិនិត្យសេចក្តីព្រាងរបាយការណ៍ៈ-ពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ ៕



dd
Bottom Ad