23/01/23 09:41 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣ លោកស្រី រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត អញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សា តាអ៊ិន ឃុំស្រះរាំង ស្រុកមង្គលបូរី ដែលជាអំណោយរបស់ អង្គការសម្រេចសុបិនកុមារកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា លោក-លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាល ស្រុកមង្គលបូរី អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្សបានចូលរួមយ៉ាងច្រេីនុះករ។
លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា បានមានប្រសាសន៍ថា ៖ អង្គការសម្រេចសុបិន្តកុមារ មាមអាយុ២០មកហេីយក្នុងការបង្កេីតឡេីង ជាក់ស្តែងសម្រាប់កម្ពុជា អង្គការបានផ្តល់សាលារៀនជូនដល់សិស្សានុសិស្សសិក្សារៀនសូត្រប្រមាណជិត២០០សាលាហេីយ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលេីកម្ពស់លេីវិស័យអប់រំនៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់ក្មួយៗសិស្សានុសិស្ស បានសិក្សារៀនសូត្រ ជាពិសេសនៅតំបន់ដាច់ស្រយាល ។
លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានខិតខំស្វែងរកការគាំទ សប្បុរសជនពីក្រៅប្រទេស និងដៃគូរពាក់ព័ន្ធ ក្នុងការជួយអភិវឌ្ឍដល់វិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ។ ជាការពិតណាស់ សមិទ្ធផលទាំងអស់នេះ កើតមានឡើងដោយការខិតខំប្រឹងប្រែងទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផុលផុស និងប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងអស់នេះជាច្រើនឥតគណនាជូនខេត្ត ក៏ដូចជាជូនក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
លោកស្រីបន្តថា ៖ សាលារៀនដែលនៅក្បែរលំនៅឋាន គឺជាគោលដៅអាទិភាពទី១ នៃការអប់រំជាតិ ធានាការចូលរៀនប្រកបដោយសមធម៌ និងកាត់បន្ថយអត្រាន ការបោះបង់ការសិក្សា។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត អំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប បញ្ជូនកូនចៅឱ្យបានចូលរៀនគ្រប់ៗគ្នា ទាំងអស់នេះជាសេចក្តីត្រូវការយ៉ាងចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលជាសមិទ្ធផលបម្រើឱ្យថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺក្មួយៗ កុមារា កុមារី នៅទីនេះ ផ្ទាល់បានក្លាយទៅជាពលរដ្ឋពេញលេញ គឺ៖ រៀនឱ្យមានចំណេះដឹង រៀនឱ្យមានចំណេះធ្វើ រៀនឱ្យមាន សីលធម៌ រៀនឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសេចក្ដីថ្លៃថ្នូរ។
សូមបញ្ជាក់ថា ៖ អគារសិក្សាដែលត្រូវដាក់សម្ពោធអគារសិក្សា ០១ខ្នង មាន០៤បន្ទប់ របស់អង្គការសម្រេចសុបិនកុមារកម្ពុជា ចំណាយថវិកាសាងសង់សរុបចំនួន ៤,៣៤១៦ ដុល្លា។ ព្រមទាំងបានបំពាក់គ្រឿង ឥស្សរិយយស ជូន សប្បុរសជន ដែលបានចូលរួមសាងសងផងដែរ។ សម្រាប់ស្រុកមង្គលបូរី អង្គការសម្រេចសុបិនកុមារកម្ពុជាបានផ្តល់អគារសិក្សាសរុប៣ខ្នងហេីយ ផ្តល់ជូន សិស្សានុសិស្ស បានសិក្សារៀនសូត្រក្រេបយកចំណេះដឹង ដេីម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាទំពាំងស្នងឬស្សី៕ ណុប រក្សា(29016)