រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ពី រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ


ត្រលប់ក្រោយ

24/01/23 14:12 PM

ចំនួនទស្សនា៖

236

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ពីឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តកណ្ដាល ។


មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានរៀបរាប់ពីគម្រោងអភិវឌ្ឍ ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។


ឯកឧត្តម បន្តថា ការនាំយកអំណោយមនុស្សធម៌ មកផ្ដល់ជូននៅពេលនេះ គឺជាការយកចិត្តទុកដាក់ណែនាំពីឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋដែលបានបាក់ស្រុតច្រាំងព្រែក ក្នុងភូមិសាស្ត្រគ្រាន់ក្រុងខ្មៅ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា អំណោយដែលបានមកពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលដោយគ្រោះជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ។


ឆ្លៀតឱកាសនេះ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តចិត្តសប្បុរសធម៌ និងកាយវិការដ៏ប្រពៃ ក្នុងការចូលរួមចែករំលែកប្រកបដោយគុណធម៌ ក្នុងកិច្ចការមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខេត្តកណ្ដាល។


សូមបញ្ជាក់ថា អំណោយដែលរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល នាពេលនេះ រួមមាន អង្ករ ចំនួន ១០តោន ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកសិទ្ធ ១០០កេសតូច និងមីម៉ាម៉ា ១០០កេសធំ។



dd
Bottom Ad