26/01/23 08:59 AM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រភេទDEST និងបេតុង ចំនួន ២ខ្សែ មានប្រវែង១៤.៦០៣ម៉ែត្រ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងថា ដោយសារកត្តាប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទេីបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ដូច្នេះសូមឲ្យពុកម៉ែបងប្អូនមានការជឿ ទុកចិត្តគ្នាទៅវិញទៅមក ជាមួយអជ្ញាធរមូលដ្ឋាន ដេីម្បីបន្តរួមគ្នាធ្វើការអភិវឌ្ឍន៍ រីកចម្រើនតទៅមុខទៀត ពោលគឺមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែងតែមានការរីកចម្រើន ដោយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការយោគយល់អធ្យាស្រ័យផង ប្រសិនជាមានការប៉ះពាល់ដោយប្រការណាមួយ និងសូមឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើនេះឲ្យបានជោគជ័យ ប្រយោជន៍ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើដំណើរបានឆាប់រហ័ស និងងាយស្រួល ជាសពិសេស ឯកឧត្តមបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយណែនាំប្រាប់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការសាងសង់រំលោភបំពានលើដីចំណីផ្លូវ ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងលើកកម្ពស់សោភ័ណភាពនៅតាមដងដងផ្លូវផងដែរ។
គូរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម ។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម ។ ដោយឡែកកំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្កោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង ៤ម ផងដែរ ៕