រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត


ត្រលប់ក្រោយ

26/01/23 14:33 PM

ចំនួនទស្សនា៖

227

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាុយរៀង និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានល្អប្រសើ។


ឯកឧត្តមបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- រដ្ឋបាលសាលាខេត្តត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២របស់រដ្ឋបាលខេត្ត។

២-អាជ្ញាធរ ក្រុង-ស្រុក ត្រូវពង្រឹងការការនុវត្តការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព។

៣. ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦។

៤.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។

៥.រដ្ឋបាលក្រុង-ស្រុក ត្រូវជម្រុញការរៀបចំផែនកាថវិកាឃុំសង្កាត់ឱ្យបានឆាប់រហ័ស។

៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៧.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕ ដោយ:PK



dd
Bottom Ad