26/01/23 16:19 PM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ ថ្លៃងនៅក្នុងកិច្ចប្រជុំបូកសរុបការងារភូមិមួយ ផលិតផលមួយ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ដែលរៀបចំនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អំពាវនាវ ដល់ភាគីពាក់ព័ន្ធ និងវិស័យឯកជន ជម្រុញការងារចលនា ភូមិមួយ ផលិតផលមួយ ឱ្យមានដំណើរការ កាន់តែល្អប្រសើរឡើង ។
ឯកឧត្តមអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ការជួបជុំគ្នាក្នុងពេលនេះ ក្នុងគោលបំណងរួមគឺចង់ឱ្យភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងជម្រុញការងារចលនា ភូមិមួយ ផលិតផលមួយ ឱ្យមានដំណើរការ កាន់តែល្អប្រសើរ ។
យ៉ាងណាមិញ បើយើងពិនិត្យជារួម ឃើញថាសមាសភាពភាគច្រើន មកចូលរួមនាព្រឹកនេះ គឺជាវិស័យឯកជន ដែលមានមា្ចស់សិប្បកម្ម សេវាកម្ម សហគ្រាស អាជីវករ ផលិតករ អាជិវករ ជាពិសេស ម្ចាស់ផលិតផលប្រមាណជិត ៤០រូប ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ នៃគណៈកម្មាធិការជម្រុញចលនា ភូមិមួយផលិតផលមួយ ខេត្តកំពង់ចាម ។ ឯកឧត្តម បន្តថា ជាការពិត វិស័យឯកជន ជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់ ដល់សេដ្ឋកិច្ចជាតិ ។ តាមខ្លឹមសារ នៃគោលនយោបាយជាតិ ចលនាភូមិមួយ ផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះ នៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិ ។ ទោះជាយ៉ាងណា ក៏ដោយ ដើម្បី ធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយ ផលិតផលមួយ ឲ្យមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ ៣គឺ ៖ ទី១.គិតជាសកលដោយធ្វើតាមមូលដ្ឋាន គឺសំដៅទៅលើគំនិត ស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណី ដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយ ដែលអាចរកទីផ្សារបាន ។ទី២.ការពឹងផ្អែកលើខ្លួនឯង និងការឆ្នៃប្រឌិតរស់រវើក មានន័យថា ប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្ត ផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្ម សម្រាប់ចលនាភូមិមួយ ផលិតផលមួយ ដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ច សម្របសម្រួល ផ្នែកបច្ចេកទេស និងទីផ្សារ ។ និងទី៣.កត្តាជោគជ័យ របស់ភូមិមួយ ផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបាន ប្រសិនបើ គ្មានការប្រមើល មើលទៅថ្ងៃមុខ នូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។ ដូច្នេះ ជាការចាំបាច់ត្រូវអភិវឌ្ឍសហគមន៍មួយ ដោយត្រូវឆ្លើយតបប្រកបដោយច្នៃប្រឌិតរស់រវើក ក្នុងខណៈពេលដែលមានការប្រឈមមុខនឹង ការលំបាក ឬហានិភ័យផ្សេងៗ ។
ពាក់ព័ន្ធនឹងគោលការណ៍នេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ចលនាភូមិមួយ ផលិតផលមួយ ។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ នេះ ថ្នាក់ជាតិ បានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិមួយ ផលិតមួយបានចំនួន ៣៥មុខផលិតផល រួចមកហើយ ។ ប៉ុន្តែ យើងនៅមានផលិតផល ដែលមានសក្តានុពលជាច្រើនទៀត ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក ។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើង មានការគិតគូរ ផ្លាស់ប្តូរឥរិយាបទ មានឆន្ទៈមោះមុត អនុវត្តឱ្យបានតាមគោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើ នោះមូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា បានបង្កើនការងារ នៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក ការបង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាពត្រូវបានលើកកម្ពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ ៕