27/01/23 10:57 AM
ព័ត៌មានជាសំឡេង
ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ រយ:ពេល ២ថ្ងៃ ជូនដល់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានធ្វើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បានរីកចម្រើនចំណេះដឹង ព្រមទាំងយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្តក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹម ត្រូវស្របតាមនីតិវិធី។
ឯកឧត្តមបានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីមុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅអោយគត់មុតល្អ ជៀសវាងរបូត រហែក ឬបាត់បង់បញ្ជីណាមួយជាដាច់ខាត់។
ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និងត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសតាំងពីពេលចាប់ផ្ដើម រហូតដល់បញ្ចប់វគ្គ ស្តីពីការងារអត្រានុកូលដ្ឋាន ព្រមទាំងបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ និងព័ត៌មាន ព្រមទាំងបទពិសោធន៍ ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានកន្លងមក សំដៅជួយតម្រង់ទិស សម្រាប់ការអនុវត្តការងារអត្រានុកូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តមបានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់បានសិក្សាទៅលើមេរៀនសំខាន់ៗចំនួន ៦ រួមមាន៖ ទី១សិក្សាទៅលើ ទិដ្ឋភាពទូទៅនៃអត្រានុកូលដ្ឋាន ទី២ អត្រានុកូលដ្ឋានកំណើត ទី៣ អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ទី៤ អត្រានុកូលដ្ឋានមរណភាព ទី៥ អនុក្រឹត្យលេខ០៣៤ និងសេចក្តីណែនាំលេខ០៤៥ និងទី៦ ការបំពេញរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយ ។