27/01/23 12:56 PM
(ស្វាយរៀង): ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមកពីសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីស្រឡាញ់ និងសេចក្តីនឹករលឹកពីសម្តេចទាំងទ្វេ ជូនដល់មន្រ្តីរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ទាំង៥ និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែកបាត់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឲ្យមានសង្រ្គាមអូសបន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា។ ការរក្សាឲ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិមានរីកចំរើន ហើយជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាមរយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។
លោកបន្តទៀតថា ទោះបីយើងធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ យើងនៅមានចក្ខុវិស័យក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គម និងគ្រួសារ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការជម្រុញឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតម្លៃនៃសន្លឹកឆ្នោតនាពេលខាងមុខ ដែលជាសន្លឹកឆ្នោតគាំទ្រសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយសន្លឹកឆ្នោតនេះ នឹងនាំមកនូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងប្រាក់ចំណូលសម្រាប់គ្រួសាររបស់យើងទាំងអស់គ្នា។ សូមបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕ ដោយ:PK