សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដី និងកុមារខេត្ត (គ.ក.ស.ក) ត្រូវបានបិទបញ្ចាប់


ត្រលប់ក្រោយ

31/01/23 11:17 AM

ចំនួនទស្សនា៖

231

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានចាត់ទុក គ.ក.ស.ក គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មានតួនាទីភារកិច្ច ចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជម្រុញ និងសហការដោះស្រាយ នូវការងារទាំងឡាយ ពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារក្នុងខេត្ត។


ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយបានធ្វើការវិភាជន៍ថវិការដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២២ ចំនួន ១២០,៨៨៦,៨០០ រៀល ជូន គ.ក.ស.ក ខេត្ត ដើម្បីអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយសម្រាប់ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត នឹងបន្តធ្វើការគាំទ្រ ដោយបានវិភាជន៍ថវិកាចំនួន ១៣២,៥៩៥,០០០ រៀល ជូន គ.ក.ស.ក ខេត្ត សម្រាប់អនុវត្តការងារ រយៈពេល១ឆ្នាំផងដែរ។


ឯកឧត្ដមអភិបាលខេត្ត បានធ្វើការវាយតម្លៃ និងកោតសរសើរដល់ គ.ក.ស.ក ខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត សមាជិក គ.ក.ស.ក នៅថ្នាក់ក្រុង ស្រុក, គ.ក.ន.ក ឃុំសង្កាត់ និងអង្គការ ដៃគូអភិវឌ្ឍទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវផែនការកិច្ចការពារកុមារខេត្ត ការធ្វើសមាហរណកម្ម កុមាររស់នៅក្នុងគ្រួសារតាមឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ការដោះ ស្រាយស្ថានភាពកុមាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ លើកិច្ចការពារស្ត្រី និងកុមារ នាពេលកន្លងមក។


ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បាន ជំរុញដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ គ.ក.ស.ក ខេត្ត ក្រុង-ស្រុក គ.ក.ន.ក ឃុំ-សង្កាត់ ត្រូវត្រៀមរៀបចំបំពេញឯកសារនានា ពាក់ព័ន្ធនឹងការប្រកួតក្នុងកម្មវិធីពានរង្វាន់ សេវាសង្គម នាពេលខាងមុខ ឱ្យបានត្រឹមត្រូវ និងរួចរាល់តាមកាលកំណត់របស់ថ្នាក់ជាតិ ដើម្បីទទួល បាននូវពានរង្វាន់សេវាសង្គមជើងឯក និងលំដាប់ផ្កាយបានប្រសើរជាងឆ្នាំកន្លងមក។ ជាពិសេសមន្ទីរវិស័យពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ដើម្បីផ្តល់កិច្ចសហការគាំទ្រសកម្មភាពលើកកម្ពស់វិស័យសេវាសង្គម។ អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសមាគមនានា សូមបន្តកិច្ចសហការ និងគាំទ្រទាំង បច្ចេកទេស និងថវិកាដល់ គ.ក.ស.ក, គ.កន.ក ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គម និងក្រុមការងារកិច្ចការពារកុមារខេត្ត ក្នុងការបំពេញមុខងារ ភារកិច្ច របស់ខ្លួនមានប្រសិទ្ធ ភាព។



dd
Bottom Ad