31/01/23 11:48 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានបើកនៅពិធីផ្សព្វផ្សាយអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តគិរីចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍លើកឡើងថា៖តាមរយៈនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយរដ្ធមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ គួរឲ្យកត់សម្គាល់ ពិសេសនៃការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ឈរក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាពខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រិស្តសាសនានិងសាសនាដទៃទៀត ដែលបាននឹងកំពុងប្រតិបត្តិការដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។
លោកបានបន្តថា៖ ខេត្តបន្ទាយមានជ័យ មានវត្តចំនួន ២៥៤វត្ត ក្នុងនោះព្រះសង្ឃសរុបទាំង០២ គណៈចំនួន ៤.៣២១អង្គ,ភិក្ខុមានចំនួន ១.២៦២អង្គ និងសាមណេរ ៣.០៥៩អង្គ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន ១១វត្ត មានព្រះសង្ឃ ១០៣អង្គ មានភិក្ខុ មានចំនួន ៣៣អង្គ និងសាមណេរ ចំនួន ៧០អង្គ ។អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០ នេះនឹងពិនិត្យពិចារណាពិភាក្សារិៈរកយុទ្ធវិធីថ្មីៗ ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ដូចជាផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជន ប្រជាជនឲ្យយល់ដឹងនិងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ ឲ្យប្រាចាកអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព។ដូចគាថាលោក ពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ។
ថ្លែងនាឱកាសនោះ លោក យឹម សំណាង អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរចំពោះព្រះសង្ឃអាចារ្យ គណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់រំដល់ពុទ្ធបរិស័ទតាមលំអាន ពុទ្ធវច្ឆរ ដែលមានព្រះត្រៃបិដកជាគោល ជម្រះចោលនូវសេចក្ដី ហ្មងសៅទាំងឡាយទាំងពួងតាមគន្លងព្រះធម៌ការប្រមូលផ្ដុំជាកម្លាំងការពារថែរក្សាសន្តិភាព ភាពសាមគ្គីភាពជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង។ ម្យ៉ាងវិញទៀតសូម អនុវត្តនូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលដែលបានកំណត់ថាការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនារបស់រដ្ឋនិងបង្កលក្ខណៈងាយស្រួលដល់ សកម្មភាពនៃសាសនាផ្សេងផ្សេងទៀតដោយផ្អែក មូលដ្ឋានចៀសវាងការរើសអើងការបែងចែក ភាពខុសគ្នាខាងជំនឿសាសនា។
គួរបញ្ជាក់ផងដែរថា មហាសន្និបាតព្រះមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០នេះផងដែរ ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃខេត្តព្រះមន្ត្រីសង្ឃស្រុកក្រុងបាននិមន្ដឡើងធ្វើបទអន្តរាគមន៍រាយការណ៍ពីការងារគ្រប់គ្រង និងបានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនានា។
ជាចុងក្រោយលោក អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរ ថាទន្ទឹមនឹងការរីកចម្រើននេះផងដែរ ក៏នៅមានបញ្ហាជាច្រើនដែលត្រូវបន្តធ្វើការដោះស្រាយ ដោយឈរលើទស្សនៈថា៖ ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម" ការពិភាក្សាលើបញ្ហាបច្ចុប្បន្ននេះ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃលើកទី៣០ ទូទាំខេត្ត បានលើកឡើង គឺជាប្រការសមស្រប ដូច្នេះសូមថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ថ្នាក់ត្រូវ ជំរុញបន្ថែមទៀតនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ ១-បន្តរៀបចំរចនាសម្ព័ន្ធតែងតាំងឱ្យបានគ្រប់វត្តអារាម ដោយផ្អែកលើសង្ឃប្រកាស សេចក្តីណែនាំរបស់គណៈសង្ឃនាយក និង ក្រសួងធម្មការ និង សាសនា ។ ២-បន្តការដោះស្រាយអធិករណ៍ក្នុងពុទ្ធសាសនា ដោយត្រូវផ្អែកលើសង្ឃប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ជៀសវៀងការប្រើឥទ្ធិពលណាមួយមិនសមស្របធ្វើឲ្យប៉ះពាល់បាត់បង់ក្រមសីលធម៌ ។ ៣-ពិនិត្យសកម្មភាពធ្វើអាជីវកម្មលើសាសនា កេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ លាភសក្ការៈតាមគ្រប់រូបភាពដូចជា ៖ ការឃោសនា រៃអង្គាស តាមទីប្រជុំជនសាធារណៈ ធ្វើឱ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា ៕ ណុប-រក្សា(២៩០១៦)