02/02/23 11:32 AM
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ៖ «ក្រោយពេលស្ថាបនាហើយ សមិទ្ធផល ជាផ្លូវ ១ខ្សែ នេះ គឺជាកម្មសិទ្ធ របស់ពុក ម៉ែ បង ប្អូន ហើយ ដូច្នេះ សូមទទួលយកទៅប្រើប្រាស់ ដើម្បី ជាប្រយោជន៍ តាមបំណងប្រាថ្នា»។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ឯកឧត្ដម អភិបាលខេត្ត និង ឯកឧត្ដម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃ៉ំអូរស្វាយ និងឃ៉ំស្រក អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ មានប្រវែង ១២គ.ម នឹងសណង់សិល្បការ របស់រដ្ឋបាលខេត្ត ចាប់ពីផ្លូវជាតិលេខ ៧១ ភូមិអន្លង់ស្នូក ឃ៉ំអន្លង់ស្វាយ ដល់ភូមិល្ពាក ឃ៉ំស្រក ស្រុកកំពង់សៀម ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋទទួលផល ក្នុងឃុំទាំង២ ជាច្រើននាក់ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ទន្ទឹមនឹងនោះ គម្រោងខាងលើ គឺបានមកពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បី បំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំ មកហើយ ។ ឯកឧត្ដមបញ្ជាក់ បន្ថែមទៀតថា ផ្លូវនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំង ២ឃុំ ទាំងពេលវេលាធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការផ្សាភ្ជាប់ពីទីប្រជុំជនមួយ ទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ផងដែរ ក្នុងការប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានរស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង មួយកម្រិត ថែមទៀត ។
ដោយឡែក ទន្ទឹមនឹងគម្រោង បានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងអត់ធ្មត់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី ឲ្យដំណើរការស្ថាបនាផ្លូវនេះ បានចប់សព្វគ្រប់ទៅតាមផែនការ ហើយយើងទាំងអស់គ្នា នឹងទទួលបានសមិទ្ធផល ដ៏ស្រស់ស្អាត ប្រកបដោយគុណភាព ទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង តទៅអនាគត ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានផ្លូវថ្មីហើយ សូមចូលរួមថែរក្សា ដើម្បី ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ បានប្រើប្រាស់ ជាពិសេស សូមអោយបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរចរណ៍ទាំងអស់គ្នា ដើម្បី បញ្ចៀសក៉ំអោយមានគ្រោះថ្នាក់ចរាចរណ៍ និងសូមអោយបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលដែល នាបច្ចុប្បន្ននេះ នៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងឆ្លងចូលសហគមន៍យើង ផងដែរ ៕