13/02/23 14:03 PM
សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានសណ្នាប់ធ្នាប់ បានរៀបចំសិក្ខាសាលាមួយស្តីអំពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ អញ្ជើញចូលរួមជាអធិបតី នាឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក រួមទាំងប្រធាននិងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ៩០នាក់។
ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍នាឱកាសនោះថា ព្រៃឈើនិងបរិស្ថាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។
ឯកឧត្តមថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ នៅក្នុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានបង្កើតនាយកដ្ឋានមួយឈ្មោះថា នាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ។ តាមរយៈនេះ កិច្ចការងារជាច្រើនពាក់ព័ន្ធ ជាមួយទឹក និងព្រៃឈើ ត្រូវបានស្រាវជ្រាវ គាស់កកាយ និងធ្វើឱ្យមានការរស់រានឡើងវិញ នូវប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងការធ្វើឱ្យមានកំណើននៃគំរបព្រៃឈើក្នុងរមណីយដ្ឋានអង្គរជាដើម។ ឯកឧត្តមបន្តថា ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំង ក្នុងការងារស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអង្គរ និងការងារគ្រប់គ្របបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ដូច្នេះកិច្ចការទាំងនេះមិនអាចខ្វះបានឡើយ ពីការចូលរួមបំពេញបន្ថែមរបស់ភាគីពាក់ព័ន្ធនានា ដើម្បីរក្សាបាននូវការឈរគង់វង្សរបស់ប្រាង្គប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
សូមជម្រាបថា នៅក្នុងសិក្ខាសាលាស្តីពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ក៏មានការធ្វើបទបង្ហាញស្តីពី៖ ការទប់ស្កាត់បទល្មើសព្រៃឈើ បទបង្ហាញស្តីពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការផ្តល់ជូននូវសំណួរ-ចម្លើយ របស់សិក្ខាកាមដែលបានចូលរួមផងដែរ៕