14/02/23 16:14 PM
ព័ត៌មានជាសំឡេង
(ខេត្តស្វាយរៀង): លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន មកពីតាមបណ្តាអង្គភាព ផ្សេងៗគ្នាជាង១០០នាក់ ដែលកំពុងបំពេញការងារនៅក្នុងខេត្តស្វាយរៀង ពិធីនេះក៏មានការ អញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីថ្នាក់មន្ទីរនានានៅជុំវិញខេត្ត ជាច្រើនាក់ផងដែរ ។
នៅក្នុងឱកាសនោះលោក ម៉ែន វិបុល បានថ្លែងរំលេចថា ការជួបជុំគ្នានាពេលនេះគឺធ្វើឡើងចំថ្ងៃ១៤កុម្ភៈដែលជាថ្ងៃទិវានៃក្តីស្រលាញ់ ដូច្នេះយើងអាចចាត់ទុកថាការជួបជុំនាពេលនេះគឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នា រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើងដើម្បីបង្កើននូវភាព ស្និទ្ធស្នាល រវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀងយើងនេះ ហើយឯកឧត្តមសង្ឃឹមថា ពិធីជួបជុំបែបនេះ យើងនឹងបន្តធ្វើ ជាប្រចាំឆ្នាំ យ៉ាងហោចឲ្យបានម្ដងក្នុងឆ្នាំ អាស្រ័យដោយស្ថានភាព និងពេលវេលារបស់យើង ។
ទន្ទឹមនិងនោះលោកក៏សូម អរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកនេះ ៖បានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀតជាពិសេស នៅក្នុងបរិបទកូវីដ១៩ បងប្អូនអ្នកសារព័ត៌មានយើង បានជួយផ្សព្វផ្សាយពីវិធានការការពារ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងជាដើម ។
លោកបានបញ្ជាក់ថា: ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ជាអ្នក នាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹងខណៈដែលកន្លងមក យើងអាចដោះស្រាយការងារបានជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈសារដែលទទួលបានពីបណ្ដាញសារព័ត៌មានអនឡាញ និងបណ្ដាញសង្គមនានា ជាច្រើនទៀតផងដែរ។
លោកអភិបាលខេត្តក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកមានបងប្អូនអ្នកព័ត៌មានមួយចំនួនតូចបានចុះផ្សព្វផ្សាយព័ត៌មាន ដែលមិនមានលក្ខណៈគ្រប់គ្រាន់ មិនបានធ្វើការសួរនាំមកអង្គភាពសាម៉ី ឬអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការបកស្រាយនោះទេ ដូច្នេះសូមសំណូមពរឲ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះពោលគឺ មុននឹងចុះផ្សព្វផ្សាយអ្វីមួយសូមទំនាក់ទំនងមកកាន់ ឯកឧត្ដម ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ ឬទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីចៀសវាងការចុះផ្សាយព័ត៌មានមិនគ្រប់ ជ្រុងជ្រោយ ហើយក៏សូមកោតសរសើរដល់ បងប្អូនអ្នកសារព័ត៌មានយើង ដែលបានបំពេញតួនាទីរបស់ខ្លួនជាស្ពានចម្លងព័ត៌មានប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងជួយកែលម្អនូវសកម្មភាពអសកម្មមួយចំនួន ដែលកើតមានឡើងក្នុងមូលដ្ឋានខេត្តរបស់យើងផងដែរ ។
បន្ថែមពីនេះលោកក៏សូមសំណូមពរឲ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ -សូមចូលរួមគោរពច្បាប់ និងប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានសមរម្យ ប្រកបដោយក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរខ្ពស់ ជាពិសេសនៅពេលឡាយផ្ទាល់នៅលើបណ្ដាញសង្គម សូមចៀសវាងឲ្យបាននូវការផ្សព្វផ្សាយព័ត៌មានដែលមានចរិតជាការវាយប្រហារ មូលបង្កាច់លើកដាក់ភាគីម្ខាងៗ ដោយត្រូវគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត” និង “ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដ៏ទៃ”ជាដើម ។
ជាមួយនេះលោកក៏បានស្នើដល់អស់លោក លោកស្រីជាប្រធានមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ ដោយឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដែលគោលដៅរួមគឺការផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនបងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្ន៕ ដោយ:PK