28/02/23 08:06 AM
ព័ត៌មានជាសំឡេង
ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា កែ ឌឿក ត្រពាំងឬស្សី ស្ថិតក្នុងភូមិថ្មគ្រែលើ ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះមានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅអាគារសិក្សាមួយខ្នងមានបីបន្ទប់ និងសមិទ្ធផលនានាក្នុងសាលារៀន ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។
លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានបញ្ជាក់ពីប្រវត្តិនៃការផ្ដួចផ្ដើមបង្កើតសាលារៀននេះឡើងតាមរយៈការដឹកនាំកសាងដោយព្រះគ្រូ មង្គលវិសុទ្ធិមុនី យិន ចាន់ធា ជាព្រះគ្រូចៅអធិការវត្តថ្មគ្រែ រួមនិងសប្បុរសជននានាមួយចំនួនទៀត ដែលបានជួយឧបត្ថម្ភគាំទ្របង្កើតបានជាសមិទ្ធផលនានានៅក្នុងសាលារៀននេះឡើងសម្រាប់ទុកឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ដែលសរុបថវិកាកសាងសាលារៀន និងសមិទ្ធផលនានាចំនួន ១៦៣.៦៧៦.០០០រៀល។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា សាលារៀនគឺជាថ្នាលបណ្ដុះបណ្ដាលសាបព្រួសនៅចំណេះដឹងទូទៅ ដល់សិស្សានុសិស្សគ្រប់រូបដែលមិនអាចខ្វះបាន ប្រទេសជាតិមានការរីកចម្រើនអភិវឌ្ឍន៍ទៅមុខបាន ក៏ដោយសារមានធនធានមនុស្សច្រើនទើបប្រទេសជាតិមានការអភិវឌ្ឍន៏លូតលាស់ទៅមុខបាន។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅព្រះតេជគុណ យិន ចាន់ធា ព្រះចៅអធិការវត្តថ្មគ្រែ រួមទាំងគ្រូសូត្រឆ្វេង សូត្រស្ដាំព្រមទាំងសប្បុរសជននានា ដែលបានរួមគ្នាផ្ដួចផ្ដើមកសាងបានសាលារៀនបឋមសិក្សានេះឡើងវាគឺជាការយកចិត្តទុកដាក់ខ្ពស់មួយពីសំណាក់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់តំបន់នេះ ដែលជាតំបន់រាងឆ្ងាយពីទីប្រជុំជនបន្តិច។
ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់លោកប្រធានក្រុមប្រឹក្សាឃុំ សូមខិតខំបម្រើសេវាជូនបងប្អូនក្នុងមូលដ្ឋាន ដូចជាសេវាជាក់ស្ដែងដែលឃុំមានឲ្យបានល្អប្រសើរសក្ក័សមនិងការជឿទុកចិត្តរបស់បងប្អូនដែលបានបោះឆ្នោតជូននាពេលកន្លងមកថ្មីៗនេះ។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន ក៏បានថ្លែងអំណរគុណ ដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលជានិច្ចកាលបានចូលរួមចំណែក រួមទាំងវិភាគទានដឹកនាំកសាងមិនត្រឹមតែក្នុងទីវត្តអារាមនោះទេ គឺដល់សាលារៀនទៀតផងក្នុងន័យចូលរួមលើកកម្ពស់វិស័យ ពុទ្ឋចក្រនិងអាណាចក្រ អោយមានការរីកចំរើនដូចបណ្តាប្រទេសដទៃ។
ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកពីរគុណសម្បត្តិគុណតម្លៃនៃពាក្យថា អរគុណសន្តិភាព ដែលបានកើតចេញពីការតស៊ូដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបានដឹកនាំប្រទេសតាំងពីគំនរផេះផងបាតដៃទទេ រហូតមកដល់ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ។ ដូច្នោះហើយសូមបងប្អូនចូលរួមថែរក្សា ការពារនៅសមិទ្ធផលដែលបានកកើតឡើង និងរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតី ក៏បានចែកជូននៅក្រណាត់សក្នុងម្នាក់១ដុំ ដល់លោកតា លោកយាយ២០នាក់ លោកគ្រូអ្នកគ្រូទទួលបានថវិការ សិស្សានុសិស្សទទួលបានសៀវភៅ និងខ្មៅដៃ និងប្រជាពលរដ្ឋទទួលបានសារុងម្នាក់មួយ។