អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ទីរអប់រំ ជាពិសេស នាយក ក៏ដូចជា លោកគ្រូ អ្នកគ្រូ មានវិធានការទប់ស្កាត់បញ្ហាក្មេងទំនើង


ត្រលប់ក្រោយ

28/02/23 08:15 AM

ចំនួនទស្សនា៖

506

ប្រភព៖

កំពង់ចាម

ព័ត៌មានជាសំឡេង

កំពង់ចាម៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបុកសរុបលទ្ធផលការងារ អប់រំយុវជននិងកីឡា ឆ្នាំសិក្សា ២០២១-២០២២ ឆ្លុះបញ្ចាំងអំពីសមិទ្ធផលរយៈពេល ៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និង ទិសដៅបន្ត ២០២២-២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំ ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាពិសេស នាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ មានវិធានការ អប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញ នៃក្មេងទំនើងនៅក្នុងសហគមន៍ ។ អញ្ជើញចូលរួម នាឱកាសនោះ មានលោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត លោកអភិបាលក្រុង ស្រុកទាំង១០ និងអ្នកពាក់ព័ន្ធ ក្នុងវិស័យអប់រំ ជាច្រើននាក់ ផងដែរ។


ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា «បច្ចុប្បន្ន បញ្ហាក្មេងទំនើង បានកម្រើកឡើងវិញបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈនោះ ។ អញ្ចឹងទេ សូមស្នើដល់មន្ទីរអប់រំ ជាពិសេស នាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងវិន័យ ដល់សិស្សានុសិស្សនៅតាមសាលារៀន ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ កុំឱ្យបញ្ហាក្មេងទំនើង កើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់យើង» ។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បញ្ហាក្មេងទំនើងនេះ អាចបង្ករចេញជាបញ្ហាជាច្រើន ដូចជា អាចបង្កើតអំពើហិង្សា នៅក្នុងសាលារៀន ឬក្រៅសាលារៀន ក៏អាចមាន ឬអាចចែកជាក្រុមបង្កអំពើហិង្សាពីសាលាមួយ ទៅសាលាមួយទៀត និងអាចមានការអូសទាញ បបួលគ្នាឱ្យទៅប្រើប្រាស់បំពានគ្រឿងញៀន ផងដែរ ។ ដូច្នេះ បញ្ហាទាំងអស់នេះ យើងត្រូវយកចិត្តទុកដាក់គិតគូរទាំងអស់គ្នា ពាក់ព័ន្ធនិងការជំរុញ ការកសាងធនធានមនុស្ស ពីកម្រិតមូលដ្ឋាន ឡើងទៅ ដើម្បី ឈានឆ្ពោះទៅទទួលបាននូវធនធានមនុស្ស សម្រាប់សង្គមជាតិ ដែលពួកគាត់អាចមានលទ្ធភាព នៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាព អាចចូលទៅធ្វើការក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាលជាដើម ដើម្បី នាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើន ដល់គ្រួសារ និងសង្គមជាតិ ផងដែរ ៕


dd
Bottom Ad