14/03/23 10:05 AM
ព័ត៌មានជាសំឡេង
ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានារួមមាន ៖ វិហារ កុដ្ឋ ឧបដ្ឋានសាលា របង ក្លោងទ្វារ និងអណ្តូងទឹក ដែលចំណាយថវិកាសរុបប្រមាណជាង២៥ម៉ឺន៨ពាន់ដុល្លាអាមេរិក ក្នុងវត្តសិរីផល្លារាម ស្ថិតនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនិងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា និងប្រតិបត្តិតាមបែបប្រពៃណីសាសនា ។
ឯកឧត្តម វ៉ា ថន បន្តថា ៖ ប្រទេសជាតិ មានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋមានភាពធូរ មានលទ្ធភាពនិងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ ជាមួយរាជរដ្ឋាភិបាលជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុលពីរបបប្រល័យពូជសាសន៍ ពុល ពត រហូតដល់ពេលនេះ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា ៖ ក្រៅពីនេះ នៅក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាព និងសុខមាលភាពប្រជាជន ទាំងជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើសហគមន៍មានភាពសាំរឹងមាំ និងបានបើកប្រទេសឡើងវិញ ធ្វើឲ្យសេដ្ឋជាតិ និងប្រជាជនមានការកើនឡើងជាបន្តបន្ទាប់ ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលនៅខាំស្មៅជាមួយប្រជាពលរដ្ឋស្ថានភាពលំបាក គ្រប់កាល:ទេស: ដូច្នេះយើងទាំងអស់គ្នា ជាប្រពលរដ្ឋជាពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាថែរក្សាការពារនូវសមិទ្ធផលដែលមាននៅក្នុងមូលដ្ឋាន កើតចេញពីកត្តាសុខសន្តិភាព ដែលទទួលបានមកពីនយោបាយដឹកនាំរបស់សម្តេចតេជោ និងសុំឲ្យបងប្អូន លោកយាយលោកតា មកចូលរួមទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស និងគ្រប់គ្នា ។
ក្នុងនោះឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានប្រគេនបច្ច័យកសាងចំនួន ៣លានរៀល និងផ្តល់ជូនលោកយាយលោកតាចំនួន៥០នាក់ នូវក្រណាត់សម្នាក់១ដុំ និងសារុងម្នាក់១ ដល់បងប្អូនដែលបានចូលរួមចំនួន ៥៨៣ នាក់ផងដែរ ៕