16/03/23 12:03 PM
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យបៀលប្រាយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គមពិសេសភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។ សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាជធានីភ្នំពេញ ពីមុនមានអគារខ្ពស់ត្រឹមមួយអគារ ២គារប៉ុណ្ណោះ តែពេលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ចាប់ពី៥ជាន់ ដល់ ៣០ជាន់ ៤០ជាន់ រាប់រយអគារ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់នាំទៅដល់ការផ្លាស់ប្តូរនៅកម្ពុជា។
សម្តេចតេជោបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យបៀលប្រាយ បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបន្ថែមទៀត។សម្តេចបន្តអំពាវនាវដល់សាកលវិទ្យាល័យពង្រឹងគុណភាពអប់រំ ជាពិសេសនៅតាមបណ្តាខេត្ត។ ជាពិសេសសាខាសាកលវិទ្យាល័យនីមួយៗ ដែលរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់និស្សិតដែលត្រូវធ្វើដំណើរមកបន្តការសិក្សានៅភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយវិធានការទប់ស្កាត់ ក៏មិនអាចទម្លាក់ចោលទាំងស្រុងនោះដែរ។សម្តេចតេជោបានរំលឹកថា កាលពីចូលឆ្នាំថ្មី ឆ្នាំ២០២២ សម្តេចការបារម្ភ និងភ័យខ្លាំងណាស់ ពីការរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីមានការប្រមូលមនុស្សយ៉ាងកកកុញ តែក្រោយមកយើងទប់ស្កាត់បានល្អប្រសើររហូតមកដល់ពេលនេះ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់។ ពីព្រោះកន្លងមកមានក្រសួងមួយចំនួនមិនសូវបានយកចិត្តទុកដាក់ទៅលើឯកសារដែលផ្ញើមកកាន់សម្ដេច រួចក៏ចុះហត្ថលេខា ទាំងមិនបានដាក់ ថ្ងៃ ខែ ផង។ សម្តេចតេជោបានមានប្រសាសន៍ថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សួមចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប។ សម្តេចតេជោ បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់។ សម្តេចតេជោបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា បានដុតព្រះរាជដំណាក់ ដែលនេះជាគំនិតរបស់ជនអគតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ ព្រោះព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ ពាក់ព័ន្ធការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ។ សម្តេចតេជោបានថ្លែងថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់។
ជាមួយគ្នានោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្ដេចតេជោឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ហើយសម្តេចតេជោ ក៏បានណែនាំឱ្យដាក់តម្លៃលើចំណីអាហារ ដើម្បីឲ្យអ្នកទិញទាំងជនជាតិខ្មែរ និងបរទេសងាយស្រួល។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យទាំងការងារ និងការសិក្សា ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕